ចង់បាន​សិទ្ធិ​ម្ចាស់ការ​លើទឹក​ដី​ ​ត្រូវមាន​សិទ្ធិ​ម្ចាស់ការ​លើទឹក​ចិត្ត​ជាមុន​

0 272

ដោយ ថាច់ ប្រីជា គឿន​ | ទស្សនៈ សារព័ត៌មាន ព្រៃនគរ លេខ ២៨ ឆ្នាំ​ទី ២ | ចេញផ្សាយ​ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១១

​ប្រជាជាតិ​ខ្មែរក្រោម​នៃ​ដែនដី​កម្ពុជា​ក្រោម​មិនដែល​ទទួលបាន​នូវ​សិទ្ធិ​ម្ចាស់ការ​លើទឹក​ដី​របស់ខ្លួន​ទេ  បើទោះបី​មកដល់​ថ្ងៃនេះ​មាន​រយៈពេល ៦៣ ឆ្នាំ​ហើយ ដែល​អង្គការសហប្រជាជាតិ​បានចេញ សេចក្ដីប្រកាស​ជាស​កល​ស្ដីអំពី​សិទ្ធិ​របស់​មនុស្ស​នៅក្នុង​ពិភពលោក ចាប់តាំងពី​ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ១៩៤៨ មក ។ ក្នុងអំឡុង ៦៣ ឆ្នាំ ក្រោយពី​អង្គការសហប្រជាជាតិ​បានចេញ សេចក្ដីប្រកាស​ជាស​កល​ស្ដីអំពី សិទ្ធិមនុស្ស​នេះ ប្រជាជាតិ​ខ្មែរក្រោម​នៅតែ​កំពុង​ត្រូវបាន​រដ្ឋាភិបាល​វៀតណាម​រំលោភសិទ្ធិ​មនុស្ស យ៉ាងធ្ងន់ធ្ងរ​ពីរ​បប​មួយ​ទៅ​របប​មួយ​ឥត​ស្រាកស្រាន្ត ។ ការរើសអើង​ពូជសាសន៍​ឈានទៅដល់​ការជិះជាន់ និង​សម្លាប់​រង្គាល​លើ​ប្រជាជាតិ​ខ្មែរក្រោម​ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម​នោះ  បាន​ជម្រុញ​ឲ្យ​ខ្មែរ ក្រោម​ងើបឡើង​តស៊ូ​ដើម្បី​សិទ្ធិ​ម្ចាស់ការ​របស់ខ្លួន​ជា​បន្តបន្ទាប់​ឥតឈប់ឈរ ។ តាំងពី​ប្រជាជាតិ ដើម​មួយ​ដែល​ត្រូវបាន​គេ​បំភ្លេចចោល ហើយ​ឈានទៅដល់​ការបង្ហាញ​វត្តមាន​របស់ខ្លួន​នៅក្នុង​ឆាក អន្តរជាតិ នាពេល​បច្ចុប្បន្ននេះ  វា​ជា​លទ្ធផល​មួយ​បង្ហាញ​ឲ្យ​ឃើញថា “​ខ្មែរក្រោម​គ្រប់រូប​មាន​សិទ្ធិ​ម្ចាស់ការ លើទឹក ចិត្ត​ខ្លួន​ជា មូលដ្ឋាន​ហើយ​ក្នុងការ​ស្វែងរក​សិទ្ធិ​ម្ចាស់ការ​លើទឹក​ដី​របស់ខ្លួន​នាពេល​អនាគត​” ។  ដើម្បី​ឈានដល់​ការទទួលបាន​នូវ “​សិទ្ធិ​ម្ចាស់ការ​” ឬ “​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” នៅលើ “​ដែនដី​កម្ពុជា​ក្រោម​” របស់ខ្លួន​នោះ  តើ​បុគ្គល​ខ្មែរក្រោម​ម្នាក់ៗ​ក្នុងនាម​ជា​សមាជិក​សង្គម​នៃ​ប្រ ជា​ជាតិ​ខ្មែរក្រោម​គួរ​ត្រៀមខ្លួន​យ៉ាងណាខ្លះ ?

ព្រះសង្ឃខ្មែរក្រោម កាន់ទង់ជាតិខ្មែរក្រោម ធ្វើបាតុកម្មនៅទីលានប្រជាធិបតឹតេយ្យ នាទីក្រុងភ្នំពេញ ដើម្បីទាមទារឲ្យរដ្ឋាភិបាលវៀតណាមដោះលែងព្រះសង្ឃនៅ កម្ពុជាក្រោម កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០១៣ ។
ព្រះសង្ឃខ្មែរក្រោម កាន់ទង់ជាតិខ្មែរក្រោម ធ្វើបាតុកម្មនៅទីលានប្រជាធិបតឹតេយ្យ នាទីក្រុងភ្នំពេញ ដើម្បីទាមទារឲ្យរដ្ឋាភិបាលវៀតណាមដោះលែងព្រះសង្ឃនៅ កម្ពុជាក្រោម កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០១៣ ។

​មានតែ​ខ្លួន​ជាទី​ពឹង​របស់ខ្លួន ​៖

​ជាការ​ពិតណាស់ អ្វីដែល​ខ្មែរក្រោម​មាន​វត្តមាន នៅក្នុង​ឆាក​អន្តរជាតិ​នាពេលនេះ គឺ​មកពី​ការតស៊ូ របស់​ខ្មែរ ក្រោម គ្រប់​ជំនាន់ ដើម្បី​រក្សា​នូវ​អត្តសញ្ញាណ​ជាតិ​របស់ខ្លួន និង​ប្រឆាំង​ជាដាច់ខាត​រាល់​ឧបាយ កល ក្នុង​បំណង​រំលាយ​ពូជសាសន៍ ពី​សំណាក់​អាណា និគម​យួន  ដោយ​យើង​ផ្អែកលើ​គោលការណ៍ “​ខ្លួន​ជាទី​ពឹង​របស់ខ្លួន​” ជា​ចម្បង និង​មាន​ទិសដៅ​ពិតប្រាកដ​មួយ​ក្នុងការ “​សម្រេច​វាសនា​ខ្លួន ដោយ​ខ្លួនឯង​” នៅលើ​ដែនដី​កម្ពុជា​ក្រោម​របស់​យើង​ក្នុងនាម​ជា​ប្រជាជាតិ​មួយ​នៃ​ពិភពលោក ។

ដើម្បី​បាន​ឈានដល់​ការ “​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” នោះ ជាបឋម​យើង​ត្រូវមាន​គោលការណ៍ “​ខ្លួន​ជាទី​ពឹង​របស់ខ្លួន​” នេះ ឲ្យ​បានច្បាស់លាស់​សិន គឺ​ខ្មែរក្រោម​ម្នាក់ៗ​ទូទាំង​ពិភពលោក ត្រូវមាន គោលបំណង  ទិសដៅ និង សំឡេង ឲ្យ​បាន ឯកភាពគ្នា​ជា​ធ្លុង​មួយ ដែលជា​កត្តាចាំបាច់​ខាន​ពុំបាន ។

មេរៀន​ជូរចត់​មួយ ដែល​បាន​បន្សល់ទុក​មក​ឲ្យ​ខ្មែរក្រោម នៅតែ​នៅក្រោម​អាណានិគម​យួន​រហូត មកដល់​សព្វថ្ងៃនេះ នោះ​គឺ “​ការតស៊ូ​ជ្រក​ក្រោម​បដា​នយោបាយ​របស់គេ​” ហើយ​សង្ឃឹមថា “​គេ​ នឹង​ជួយ​ខ្លួន ពេលណា​គេ​បាន​ជោគជ័យ ឬ បានទទួល​លទ្ធផល​” ។ នៅ​កម្ពុជា​ក្រោម ក្នុងសម័យ​សង្គ្រាម​អាមេរិក​មុន​ឆ្នាំ ១៩៧៥  ខ្មែរក្រោម​ខ្លះ រត់​ចូល​បំរើ​អាមេរិក  ខ្លះទៀត​ចូល​បំរើ​យួន​កុ​ម្មុយ​និ​ស្ត ដោយ​សង្ឃឹមថា ពេល​ភាគី​ម្ខាងៗ​បាន​ជោគជ័យ គេ​នឹង​ជួយ​ខ្មែរក្រោម​ឲ្យ​មាន​សិទ្ធិសេរីភាព ។ នៅ​ប្រ ទេស​កម្ពុជា​វិញ ខ្មែរក្រោម​ខ្លះ ចូល​បំរើ​ក្នុង​ក្រុម​សាធារណរដ្ឋ ខ្លះ​ចូល​បំរើ​ស្ដេច និង​ខ្លះទៀត​ចូល​បំរើ​ខ្មែរក្រហម ដោយ​សង្ឃឹមថា ពួកគេ​នឹង​ជួយ​រំដោះ​កម្ពុជា​ក្រោម​ចេញពី​យួន ពេលណា​គេ​បាន​ជោគជ័យ ឬ បានទទួល​លទ្ធផល​ឡើងកាន់​អំណាច ។ ក្ដីសង្ឃឹម​ដែល​ខ្មែរក្រោម​បាន​បូជាជីវិត​នោះ លទ្ធផល​ត្រូវបាន​គេ បំភ្លេច ចោល ឲ្យ​នៅ​កំព្រា​រងា​តែលតោល “​ចុះ​ទឹក​ក្រពើ ឡើងលើ​ខ្លា​” ទុក្ខ​ឥត​ស្រាកស្រាន្ត ។​

​ដូច្នេះ ទោះបី​អង្គការសហប្រជាជាតិ បានចេញ​សេចក្ដីប្រកាស​ជា  សកល​ស្ដីអំពី​សិទ្ធិមនុស្ស ដើម្បី​ជម្រុញ​ឲ្យ​ប្រទេស​ជា​ហត្ថលេខី​គោរព នូវ​សិទ្ធិ​របស់​មនុស្ស​គ្រប់​ជាតិ​សាសន៍ នៅក្នុង​លោក​ក្ដី និង​បានចេញ​សេចក្ដីប្រកាស​ជាស​កល​ស្ដីអំពី​សិទ្ធិ​ជនជាតិដើម ក្នុង​នោះបាន​ចែងថា “​ជនជាតិដើម​គ្រប់ រូប​មាន​សិទ្ធិ​សម្រេច​វាសនា​ខ្លួន ដោយ​ខ្លួនឯង​” ក៏ដោយ តែ​ខ្មែរក្រោម​គ្រប់រូប​មិន​នាំគ្នា​ឆក់ យក​ឱកាស ដើម្បី​បានទទួល   នូវ​សិទ្ធិ​ទាំង​នោះទេ  វា​ពិតជា​គ្មាន​ទេវតា​ឬ បុគ្គល​ណា​ម្នាក់​ក្រៅពី​ខ្លួន​យើង នាំយក​នូវ​សិទ្ធិ​ទាំងនោះ មក​ឲ្យ​យើង​បានឡើយ ។

ខ្មែរក្រោម​ម្នាក់ៗ​ ជាមន្ត្រី​ស្ថានទូត​របស់​ខ្មែរក្រោម ​៖

បច្ចុប្បន្ន “​ខ្មែរក្រោម​” បាន​ក្លាយទៅជា​ប្រជាជាតិ​មួយ​ដែលមាន​ទង់ជាតិ​ដាច់ដោយឡែក​របស់ខ្លួន ហើយ​ត្រូវបាន​ទទួលស្គាល់​ដោយ អង្គការ​ប្រជាជាតិ​គ្មាន​តំណាង (Unrepresented Nations and Peoples Organization ) ឬ ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា យូ​អិន​ភី​អូ (UNPO) ក្រោយពី សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (Khmers Kampuchea – Krom Federation ) បាន​ចូល​ជា​សមាជិក​នៃ​អង្គការ​មួយ​នេះ កាលពី​ថ្ងៃទី ១៥ ខែ   កក្ដ​ដា ឆ្នាំ ២០០១ មក ។

ពេលនេះ  យើង​មាន​ទង់ជាតិ​សម្រាប់​តំណាង​ឲ្យ “​ខ្មែរក្រោម​” និង​មាន​ដែនដី “​កម្ពុជា​ក្រោម​” ជា​មោទនភាព សម្រាប់​ប្រជាជាតិ​របស់​យើង​ហើយ ដូច្នេះ  យើង​ជា​ខ្មែរក្រោម​ម្នាក់ៗ  មាន​មោទនភាព​ខ្លាំង  ក្នុងការ  ឧទ្ទេស​នាមខ្លួន ដល់​មនុស្ស​គ្រប់​ជាតិ​សាសន៍ ដែល​នៅ​ជុំវិញខ្លួន​យើង​រាល់ថ្ងៃ ដើម្បី​បញ្ជាក់​ឲ្យ ពិភព លោក បានដឹងថា “​យើង​ជា​នរណា ? ” និង “​ខ្មែរក្រោម​ជា​នរណា ?” ។​

សម្រាប់​ប្រទេស​ដែលមាន​ឯករាជ្យ​ដូចជា កម្ពុជា ថៃ លាវ វៀតណាម និង ចិន ជាដើម ដែលជា សមាជិក នៃ​អង្គការសហប្រជាជាតិ ពលរដ្ឋ​របស់គេ​ពិតជា​ងាយស្រួល​ខ្លាំងណាស់ ក្នុងការ​ឧទ្ទេសនាម និង​បង្អួត​ខ្លួនគេ ដល់​បរទេស ហើយ​ប្រទេស​នីមួយៗ គេ​តែ​តែងមាន ស្ថានទូត​តំណាង នៅក្រៅ​ប្រទេស ជានិច្ច  ប៉ុន្តែ​សម្រាប់ “​ខ្មែរក្រោម​” ឬ ដែនដី “​កម្ពុជា​ក្រោម​” របស់​យើង នៅ​មិនទាន់មាន​ទេ ។ ដើម្បី​ឲ្យ​ខ្មែរក្រោម​យើង​មាន​ស្ថានទូត​ដូច​គេ​នោះ គឺ​យើង​ជា​ខ្មែរក្រោម​ម្នាក់ៗ តាំងពី បុគ្គល គ្រួសារ សមាគម អង្គការ និង វត្ត​អារាម នានា​នៅក្នុង​សកលលោក ត្រូវតែ​លើក “​ទង់ជាតិ​ខ្មែរក្រោម​” និង​តាំង “​ផែនទី​កម្ពុជា​ក្រោម​” នៅ​គ្រប់​ទីកន្លែង​របស់ខ្លួន ហើយ​មាន​តួនាទី និង​កាតព្វកិច្ច​ក្នុងការ​នាំសារ​ប្រាប់ ដល់​បរទេស ដែល​នៅ​ជុំវិញខ្លួន​ឲ្យ​បានដឹង​អំពី “​ខ្មែរក្រោម​” និង​ជួយ​ធ្វើ​កិច្ចការ​ដ៏​សំខាន់​មួយទៀត​នោះ គឺ​ត្រូវ​ចេះ​គាំពារ​គ្នា​ប្រកបដោយ​ព្រហ្ម​វិហារធម៌​ឲ្យ​បាន​ដូចជា​មន្ដ្រី​ស្ថានទូត​ការពារ​ពល រដ្ឋ​របស់ខ្លួន ។​

​ដូច្នេះ បើ​ខ្មែរក្រោម​ទាំងអស់គ្នា​ចង់បាន “​សិទ្ធិ​ម្ចាស់ការ​” ឬ “​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” នៅលើ​ទឹកដី “​កម្ពុជា​ក្រោម​” នោះ យើង​ជា​ខ្មែរក្រោម​ម្នាក់ៗ ត្រូវមាន​គំនិត “​សិទ្ធិ​ម្ចាស់ការ​” ឬ “​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” នៅលើ​ទឹកចិត្ត​ជាមុនសិន ៕​

Leave A Reply

Your email address will not be published.