ប្រវត្តិ វត្តកោះកែវសិរី (កោះ)
ដោយ ថាច់ ប្រីជា គឿន
កោះកែវសេរី ជាវត្តខ្មែរមួយក្នុងចំណោមវត្តទាំង ១៤៣ នៅក្នុងខេត្តព្រះត្រពាំង ឋិតនៅក្នុងសង្កាត់ទី ៨ ទីរួមខេត្តព្រះត្រពាំង បានកកើត ឡើងនៅ ថ្ងៃសុក្រ ៤ កើត ខែមាឃ ឆ្នាំខាល ព. ស. ១១៥៧ គ. ស. ៦១៣ ដើមសតវត្សរ៍ទី ៧ នៃគ្រឹស្តសករាជ ក្នុងរាជ្យ ព្រះ បាទ មហេន្ទ្រវម៌្ម ទី ១ សោយរាជ្យពី ឆ្នាំ ៥៩៨ ដល់ ៦១០ នៃអាណាចក្រចេនឡា ។
យោងតាមឯកសារប្រវត្តិ វត្តកោះកែវសេរី (កោះ) បានចារថា វត្តនេះ បានកកើតឡើងដោយស្នាព្រះហស្ថ ព្រះតេជព្រះគុណ ព្រះនាម យោគ ជាព្រះចៅអធិការវត្ត ព្រមទាំង លោកតា នាម កែវ ជាប្រធានវត្ត រួមជាមួយនឹងអ្នកស្រុកដែលរស់នៅតាមជាយដំបូកកោះនានា នៅជិតវត្តនេះ ។ វត្តមានផ្ទៃដីប្រមាណ ៣៩.៦១០ ម៉ែត្រការ៉េ ។
“កោះកែវសិរី” ជាឈ្មោះពេញរបស់វត្ត តែអ្នកស្រុកនិយមហៅថា “វត្តកោះ”ៗ តរៀងមក ។ ពាក្យ “កោះកែវសីរី” ចែកចេញជា ៣ សព្ទ គឺ កោះ ១ កែវ ១ និង សិរី ១ ។
ពាក្យថា “កោះ” នៅក្នុងវចនានុក្រមខ្មែរ មានន័យថា “ទីដី ឬ ភ្នំ ដែលមានទឹកព័ទ្ធជុំ វិញ” ។ សព្វថ្ងៃ វត្តកោះកែវសិរី មិនមែនឋិតនៅលើដីកោះទេ តែឋិតនៅលើដីទួលនៅក្នុងទីរួមខេត្តព្រះត្រពាំង ជាប់នឹងផ្លូវជាតិ លេខ ៥៣ ពីខេត្តព្រះត្រពាំងទៅ ទីក្រុងព្រៃនគរ ។
យោងតាមឯកសារវត្តកោះ កាលពីដើមតំបន់នេះ មានដំបូក ឬ ទីទួល ចំនួន ៥ គឺ ៖
១. ដំបូកកោះគោក នៅត្រង់ វត្តកោះកែវសិរី សព្វថ្ងៃ
២. ដំបូកអ្នកតាអង្គរ នៅត្រង់ ស្រះគូ
៣. ដំបូកអ្នកតាដំបូក នៅក្បែរផ្សារព្រះស្រែ
៤. ដំបូកអ្នកតាប្រាំពីរ នៅចំផ្ទះយាយសល
៥. ដីដំបូកអ្នកតាមោក្ខ នៅខាងជើង វត្តនាគវនារាម ហៅវត្ត ខ្ទឹង គឺ កន្លែងផ្ទះអ្នកតា សព្វថ្ងៃ ។
ពាក្យថា “កែវ” ជាឈ្មោះរបស់ញោមវត្ត ឬ អ្នកបង្កើតវត្ត ។ ក្រៅពីបង្កើតវត្ត តា កែវ និងបងប្រុសរបស់គាត់ឈ្មោះ តា កែត ជាអ្នកបង្កើតភូមិកោះ នេះផងដែរ ។ តា កែត បានស្លាប់មុនការកសាងវត្ត ។ តា កែវ បានចំណាយកម្លាំងកាយ ទ្រព្យ ដើម្បីជួយផ្ដួចផ្ដើម កសាងវត្តឡើង ។ ហេតុនេះ អ្នកស្រុកនិយមហៅ ភូមិកោះ ឬ ដំបូកកោះគោក ថា កោះ តាកែវ ឬ កោះតាកែត ឬក៏ហៅថា វត្តកោះតាកែវ ឬ វត្តកោះតាកែត ព្រោះថា ដំបូកកោះគោក នោះជាទីទួលខ្ពស់ ដែល តា កែត គាត់មករស់នៅមុនគេ ។
ពាក្យថា “សិរី” ជាភាសាបាលី មានន័យថា លម្អដែលគួរឲ្យស្រឡាញ់, សួស្ដី, ស្រីសួស្ដី, មង្គល, ជោគ, សេចក្ដីសុខ, សេចក្ដីចម្រើន ឬ អំពីបុណ្យ ជាដើម ។ យោងតាមឯកសារ វត្តបានបញ្ជាក់ពាក្យ “សិរី” ក្នុងទីនេះថា លម្អដែលគួរឲ្យស្រឡាញ់ពេញចិត្តក្នុងបុណ្យ នៃសម្ដីថ្វីមាត់ក្នុងការដឹកនាំអំពាវនាវឃោសនាអ្នកស្រុក ឬ បរិស័ទគ្រប់ទិសទីឲ្យមកជួយកសាងវត្តនេះឡើង ដោយព្រះចៅអធិការ ព្រះនាម យោគ និង តាញោមវត្ត នាម កែវ ។
ពេលវត្តកសាងបានព្រះវិហាររួចហើយ អ្នកស្រុកក៏បានយាង ព្រះ បទុមវង្ស ដែលគង់នៅ អង្គររាជបូរី មកធ្វើជារាជធិបតី នៃពិធីបុណ្យបញ្ចុះខណ្ឌសីមា ផងដែរ ។ អ្នកស្រុកដែលបានចូលរួមពិធីបុណ្យនេះរួមមាន អ្នករស់នៅភូមិជាយដំបូកនានា ដូចជា ភូមិដំបូក ភូមិពិសីពិសេស អ្នកតាអង្គរ អ្នកតាមោក្ខ ជាដើម ហើយបានរួមយោបល់គ្នាប្រសិទ្ធិនាមវត្តថា “វត្តកោះកែវសិរី” ។
តាំងពីកកើតវត្តរហូតមកដល់សព្វថ្ងៃ បានឆ្លងកាត់ព្រះចៅអធិការចំនួន ៣៦ ជំនាន់ ។ ព្រះតេជព្រះគុណ ព្រះនាម យោគ ជាព្រះចៅអធិការដំបូងនៃការកសាងវត្តនេះ ក្នុងរវាង ព. ស. ១១៥៧ គ.ស. ៦១៣ ដល់ ព. ស ១១៩៩ គ. ស. ៦៥៥ ព្រះអង្គបានសុគត បន្ទប់ពីគ្រប់គ្រងវត្តបាន ៤២ វស្សា ។ នៅ ព. ស. ១១៨៥ គ.ស. ៦៤១ ព្រះអង្គបាន កសាងចេតិយមួយនៅខាងកើតព្រះវិហារ ។ ព្រះចៅអធិការទី ៣៦ បច្ចុប្បន្ន មាននាម ថា សច្ចសុន្ទរោ ហៅ ហឿង ហៅ ភុក ។
ព្រះវិហារដែលបានកសាង លើកទី ៣ ដោយស្នាព្រះហស្ថ ព្រះតេជព្រះគុណ ព្រះចៅអធិការជំនាន់ ទី ៣៣ ព្រះនាម ស៊ើង ងួន ដែលមានដើមកំណើតនៅភូមិប្រាសាទលិច (Ấp Cổ Tháp A, Xã Nguyệt Hóa, Châu Thành, Tra Vinh ) ។ ព្រះអង្គបានរុះរើគ្រឿងឈើនៃព្រះវិហារដែលចាស់ទ្រុឌទ្រោម ហើយជួសជុលឡើងវិញ ។
មកដល់ឆ្នាំ ២០១២ ព្រះចៅអធិការវត្ត ព្រះនាម ភុក ព្រះសង្ឃ គណៈកម្មការវត្ត និងពុទ្ធបរិស័ទ បានមូលមតិគ្នាទូលស្នើទៅគណៈមន្ត្រីសង្ឃខេត្តព្រះត្រពាំង ក្នុងនោះមានព្រះឧបជ្ឈាយ៍ ថាច់ សុខ សាន្ត ដើម្បីកសាងព្រះវិហារថ្មី ។ ព្រះវិហារដែលបានកសាងថ្មីបានឧបត្ថម្ភទាំងស្រុងដោយគ្រួសារ លោក ត្រឹម បេ និងបានបញ្ចុះខណ្ឌសីមាចំនួន ៣ ថ្ងៃ គឺចាប់ពីថ្ងៃ អង្គារ៍ ៨ កើត ខែផល្គុន ឆ្នាំ មមែ សប្ដស័ក ពុទ្ធសករាជ ២៥៥៩ ត្រូវនឹង ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០១៦ ។
ពេលរុះរើព្រះវិហារចាស់ដើម្បីកកសាងព្រះវិហារថ្មីចុងក្រោយនេះ គេបានប្រទះឃើញវត្ថុបុរាណជាច្រើនប្រភេទដែលគេបានកប់ទុកក្នុងខឿនព្រះវិហារចាស់ ដូចជា ព្រះខាន់ ចិញ្ចៀន ប្រាក់កាក់ ក្រវិលដៃក្រវិកជើង សិលាចារឹក និងគ្រឿងអលង្ការជាច្រើនប្រភេទ ដែលធ្វើពីមាស ស្ពាន់ និងប្រាក់ ជាដើម ។
មកដល់ ព. ស. ២៥៦១ គ. ស. ២០១៧ វត្តកោះកែវសិរី ហៅវត្តកោះ មានអាយុ ១៤០៤ ឆ្នាំ ៕
……………..
កែសម្រួលចេញពីឯកសារ ប្រវត្តិកោះកែវសិរី (កោះ) ដែលផ្ញើមកការិយាល័យ វិទ្យុ សំឡេងកម្ពុជាក្រោម
Comments are closed.