វត្តមជ្ឈិមារាម (កណ្តាល) ខេត្តព្រះត្រពាំង នឹងធ្វើបុណ្យខួបវត្តគម្រប់ ៧០០ ឆ្នាំ
ដោយ ថាច់ ប្រីជា គឿន|VOKK
វត្តមជ្ឈិមារាម ហៅ វត្តកណ្តាល ឋិតនៅក្នុង ខេត្តព្រះត្រពាំង នឹងប្រារព្ធពិធីបុណ្យខួបវត្ត គម្រប់ ៧០០ ឆ្នាំ នៅក្នុងខែកុម្ភៈ ឆ្នាំ ២០១៨ នេះ ។ ពិធីបុណ្យនេះនឹងប្រារព្ធរយៈពេល ៣ ថ្ងៃ ដោយមាន និមន្តព្រះសង្ឃ ៧០០ អង្គរាប់បាត្រ ផងដែរ ។
យោងតាមលិខិតនិមន្ត និងអញ្ជើញ ចេញថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០១៨ នេះ ចុះហត្ថលេខា ដោយគណៈ កម្មការ និង ចៅអធិការវត្តមជ្ឈិមារាម (កណ្ដាល) បានបញ្ជាក់ថា វត្តមជ្ឈិមារាម (កណ្តាល) នៅភូមិ កណ្តាល ឃុំក្រសាំង ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង នឹងប្រារព្ធពិធីបុណ្យខួប ៧០០ ឆ្នាំ នៃការកកើត វត្ត រយៈពេល ៣ ថ្ងៃ គឺ នៅថ្ងៃទី ១៩, ២០ និង ២១ ខែកុម្ភៈ ខាងមុខនេះ ។ ពិធីបុណ្យនេះ វត្តនឹង សម្ពោធឆ្លងនូវសមិទ្ធផលនានា ដែលវត្តបានកសាង ដូចជា សាលាធម្មសភា ចេតិយ បណ្ណាល័យ ខ្លោង ទ្វារ បង្គោលទង់ និង របងវត្ត ។

តំណាងព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តនានាទូទាំងដែនដីកម្ពុជាក្រោម នឹងនិមន្ត និងអញ្ជើញចូល រួមពិធីបុណ្យបុណ្យនេះ តាមការនិមន្ត និងអញ្ជើញពីគណៈកម្មការចាត់តាំងបុណ្យ ។ យោងតាមសេចក្ដី ជូនដំណឹងនៃពិធីបុណ្យ ព្រះសង្ឃ ៧០០ អង្គដែលបាននិមន្តចូលរាប់បាត្រ គណៈកម្មការបុណ្យនឹងប្រ គេនទេយ្យទាន និងបច្ច័យបួន ក្នុងមួយអង្គៗចំនួន ១ លានដុង ស្មើនឹង ៥០ ដុល្លារអាមេរិក ។

វត្តមជ្ឈិមារាម ហៅ កណ្តាល កសាងនៅ ព. ស. ១៨៦១ គ. ស. ១៣១៧ ។ បច្ចុប្បន្ន ពុទ្ធសករាជ ២៥៦១ ដូច្នេះ វត្តនេះមានអាយុកាល ៧០០ ឆ្នាំ គត់ បើរាប់តាមគ្រឹស្តសករាជវិញ ឆ្នាំ ២០១៨ វត្តនេះ មានអាយុកាល ៧០១ ឆ្នាំ ។

សូមបញ្ជាក់ថា យោងតាមស្ថិតិជាក់ស្ដែង ឆ្នាំ ២០១៨ ដែលបានធ្វើដោយ នាយកដ្ឋានព័ត៌មាននៃសហ ព័ន្ធខ្មែរកម្ពុជាក្រោម បានបង្ហាញថា នៅដែនដីកម្ពុជាក្រោម មានវត្តខ្មែរប្រមាណ ៤៦០ វត្ត ក្នុងនោះ វត្តដែលបុរាណជាងគេ គឺវត្តសម្បួររង្សី ហៅវត្តសម្បួរ បានកសាងនៅក្នុងគ្រឹសសករាជ ៣៧៣ មកដល់ឆ្នាំ ២០១៨ នេះ វត្តនេះ មានអាយុ ១.៦៤៥ ឆ្នាំ ហើយវត្តដែលថ្មីជាងគេ គឺវត្តជយនទីរតនារាម (អូរក្ដារ) នៅខេត្តព្រះត្រពាំង ទើបតែបានសម្ពោធបង្កើតវត្តនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០១៧ ដែលមានអាយុជិត មួយឆ្នាំ ។ នេះជាស្ថិតិវត្តខ្មែរនៅតាមទីក្រុង ខេត្ត និងកោះនីមួយៗទូទាំងដែនដីកម្ពុជាក្រោម ។
- ០១. ខេត្តព្រះត្រពាំង (Tinh Tra Vinh) មាន ១៤៣ វត្ត
- ០២. ខេត្តឃ្លាំង (Tinh Soc Trang) មាន ៩២ វត្ត
- ០៣. ខេត្តក្រមួនស (Tinh Kien Giang) មាន ៧៤ វត្ត
- ០៤. ខេត្តមាត់ជ្រូក (Tinh An Giang) មាន ៦៦ វត្ត
- ០៥. ខេត្តពលលាវ (Tinh Bac Lieu) មាន ២២ វត្ត
- ០៦. ខេត្ត ហូវយ៉ាង ( Tinh Hau Giang ) មាន ១៥ វត្ត
- ០៧. ខេត្តលង់ហោរ (Tinh Vinh Long) មាន ១៣ វត្ត
- ០៨. ខេត្ត ព្រែកឫស្សី ( Can Tho ) មាន ១២ វត្ត
- ០៩. ខេត្តទឹកខ្មៅ (Tinh Ca Mau) មាន ៦ វត្ត
- ១០. ខេត្តរោងដំរី (Tinh Tay Ninh) មាន ៦ វត្ត
- ១១. ខេត្តទួលតាមក (Tinh Binh Phuoc) មាន ៤ វត្ត
- ១២. ខេត្តអូរកាប់ (TP Vung Tau) មាន ២ វត្ត
- ១៣. ទីក្រុងព្រៃនគរ (TP Sai Gon) មាន ២ វត្ត
- ១៤. ខេត្តដូនណៃ (Tinh Dong Nai) មាន ២ វត្ត
- ១៥. កោះត្រល់ (Dao Phu Quoc) មាន ១ វត្ត

ក្នុងចំណោមវត្តទាំងអស់នេះ មានវត្តជាច្រើនដែលមានអាយុជាងពាន់ឆ្នាំ តែគេមិនទាន់ឃើញគណៈកម្ម ការវត្តណាមួយធ្វើបុណ្យខួបវត្តនៅឡើយ ក្រៅពីវត្តមជ្ឈិមារាម (កណ្ដាល) ដែលទើបតែចាប់ផ្ដើមធ្វើជា លើកដំបូង ។ ការធ្វើពិធីបុណ្យខួបវត្តនេះ ត្រូវបានគេមើលឃើញថា នឹងធ្វើឲ្យពលរដ្ឋខ្មែរនៅដែនដីកម្ពជា ក្រោមដឹងថា ខ្លួនជាម្ចាស់ស្រុកនៃដែនដីកម្ពុជាក្រោម តាំងពីបុរាណកាលមក ។ បើយោងតាមឆ្នាំ កសាងវត្ត សម្បួររង្សី និងតាមឯកសារប្រវត្តិសាស្ត្រយួនបានចារថា ជនជាតិយួនបានភៀសខ្លួនពី ហា ណូយ មករស់នៅ ទីក្រុងព្រៃនគរ នៅចុងសតវត្សរ៍ទី ១៧ នាឆ្នាំ ១៦៩៨ ឃើញថា ជនជាតិយួនបាន ចូលមកវាតទីទឹកដីកម្ពុជាក្រោម ក្រោយខ្មែរក្រោមកសាងវត្តសម្បួររង្សី ១៣១៦ ឆ្នាំ ៕