ខេត្តព្រះត្រពាំងបង្កើតវត្តថ្មីថែមមួយទៀត
ដោយ ស៊ឺន ចែងចើន| VOKK
នៅថ្ងៃទី ១១ ខែមេសា ខាងមុងនេះ គណៈមន្ត្រីសង្ឃខេត្តព្រះត្រពាំងនឹងប្រកាសជាផ្លូវការបង្កើតវត្តព្រះពុទ្ធសាសនាខ្មែរថែមមួយទៀតហើយ ដូច្នេះ មកដល់ពេលនេះ នៅក្នុងខេត្តព្រះត្រពាំង នឹងមានខ្មែរឡើងដល់ ១៤៣ វត្ត ។ វត្តដែលគេប្រុងនឹងប្រកាសបង្កើតនោះ មានឈ្មោះថា វត្តជយនទីរតនារាម (អូរក្ការ) ឋិតនៅក្នុងភូមិអូរក្ដារ ស្រុកកំពង់ធំ ខេត្តព្រះត្រពាំង (ấp Ô Kà Dà xã Phước Hảo huyện Châu Thành tỉnh Trà Vinh) ដោយបានប្ដូរពីសាលាឆទានទៅជាវត្តវិញ ។

យោងតាមលិខិតអញ្ជើញចូលរួមកម្មវិធីប្រកាសបង្កើតវត្តអូរក្ដារ ដោយគណៈកម្មការប្រតិបត្តិសង្ឃខេត្តព្រះត្រពាំង ដែលយួនហៅថា ខេត្តត្រាវិញ នៃសមាគមព្រះពុទ្ធសាសនាវៀតណាម (Ban Trị Sự tỉnh Trà Vinh thuộc Giáo Hội Phật Giáo Việt Nam) ចុះថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៧ ដោយព្រះសង្ឃមហាយានយួន ព្រះតេជព្រះគុណ ថិត ផឿក មិន (Thích Phước Minh) ជាអនុប្រធានប្រតិបត្តិសង្ឃខេត្តព្រះត្រពាំង នៃសមាគមព្រះពុទ្ធសាសនាវៀតណាម បានបញ្ជាក់ថា ពិធីប្រកាសជាផ្លូវបង្កើតវត្ត ជយនទីរតនារាម (អូរក្ដារ) នឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី ១១ ខែមេសា ឆ្នាំ ២០១៧ ចាប់ពីម៉ោង ១ និង ៣០ នាទីរសៀល នៅសាលា ឆទាន ភូមិអូរក្ដារ ទីដែលប្រកាសបង្កើតវត្តជយនទីរតនារាម (អូរក្ដារ) ។
យោងតាមលិខិតដដែលបានបញ្ជាក់ថា ពិធីប្រកាសបង្កើតវត្តជាផ្លូវការនេះនេះ ដោយគេយោងទៅតាមលិខិតអនុញ្ញាតចុះថ្ងៃ ទី ៣០ ខែមីនា ឆ្នាំ ២០១៧ នៃគណៈកម្មការប្រជាជនខេត្តព្រះត្រពាំង និងសេចក្ដីសម្រេច ចុះថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០១៧ នៃ គណៈកម្មការប្រតិបត្តិសង្ឃខេត្តត្រាវិញ នៃសមាគមព្រះពុទ្ធសាសនាវៀតណាមអំពីការបង្កើតវត្តជយនទីរតនារាម (អូរក្ដារ) ។ នៅក្នុងលិខិតនេះ ក៏មានការអញ្ជើញចំពោះមន្ត្រីសង្ឃមហាយានជាជនជាតិយួនថ្នាក់ស្រុកនិងខេត្តនៃសមាគមពុទ្ធសាសនាវៀតណាម មន្ត្រីសង្ឃខ្មែរក្រោមនៅខេត្តព្រះត្រពាំង និងពុទ្ធបរិស័ទដើម្បីចូលរួមពិធីនេះធ្វើជាផ្ញៀវកិត្តិយស ផងដែរ ។
សូមបញ្ជាក់ថា មុនពេលឈានដល់ការបង្កើតទៅជាវត្តជយនទីរតនារាម (អូរក្ដារ) នេះ ទីនេះធ្លាប់ជាសាលាឆទានធ្វើបុណ្យ សុន្ទរទានរបស់អ្នកភូមិអូរក្ដារជាយូរមកហើយ ។ ដោយសារទីនេះនៅឆ្ងាយពីវត្តមួយចំនួន ដូចជាវត្តកំពង់ជ្រៃ វត្តត្រោកលិច វត្តត្រោកកើត និង វត្តក្នុងស្រុកជាដើម ដែលបណ្ដាលឲ្យពុទ្ធបរិស័ទពិបាកធ្វើដំណើរទៅវត្ត ទើបពួកគាត់បាននាំគ្នាសម្រេចធ្វើលិខិតសុំទៅរដ្ឋាភិបាលវៀតណាមដើម្បីបង្កើតវត្តនេះ ។
នៅខេត្តព្រះត្រពាំង មានវត្តខ្មែរទាំងអស់ចំនួន ១៤៣ វត្ត ក្នុងចំណោមវត្តខ្មែរជិត ៥០០ នៅទូទាំងដែនដីកម្ពុជាក្រោម ។ វត្តដែល មានអាយុកាលចាស់ជាងគេនៅដែនដីកម្ពុជាក្រោម គឺវត្តសប្បួររង្សី ហៅវត្តសម្បួរ កសាងឡើងក្នុងពុទ្ធសករាជ ៩១៧ គ្រឹស សករាជ ៣៧៣ មកដល់ ឆ្នាំ ២០១៧ នេះ វត្តនេះ មានអាយុកាល ១៦៤៤ ឆ្នាំ ហើយ ។ បើយោងតាមឆ្នាំកសាងវត្តសម្បួររង្សី និងតាមឯកសារប្រវត្តិសាស្ត្រយួនថា ស្ដេចត្រកូល ង្វៀង របស់យួនបានចូលមកកាន់កាប់ទឹកដីព្រៃនគរ នៅចុងសតវត្សរ៍ទី ១៧ នាឆ្នាំ ១៦៩៨ ឃើញថា ជនជាតិយួនបានចូលមកវាតទីដែនដីកម្ពុជាក្រោម ក្រោយខ្មែរក្រោមកសាងវត្តសម្បួររង្សី ១៣១៦ ឆ្នាំ ។
នៅកម្ពុជាក្រោម វត្តអារាមជាឃ្លាំង ឬជាមជ្ឈមណ្ឌលសម្រាប់ផ្ទុកនូវព្រលឹងជាតិខ្មែរឲ្យបានគង់វង្សរហូតមកដល់សព្វថ្ងៃ ក្នុងនោះ ពុទ្ធសាសនា វប្បធម៌ ទំនៀមទម្លាប់ អក្សរសាស្ត្រ និងស្មារតី ជាដើម ៕
Comments are closed.