ពុទ្ធបរិស័ទ​វត្ត​ព្រះ​បួន​ព្រះភ័ក្ត្រ​ ថា ​ទុក​ថវិកា​ទំនុកបំរុង​ព្រះសង្ឃ​រៀន​ល្អ​ជាង វាយ​ក្លោងទ្វារ​បូរាណ​ចោល ហើយ​កសាង​ថ្មី​ដែល​គ្មាន​តម្លៃ​

0 710

ដោយ លី​ ឈូ​ន

​ពុទ្ធបរិស័ទ​ទាំង​ក្នុងស្រុក ​និង​ ក្រៅ​ស្រុក នៃ​ចំណុះ​វ​ត្ព​ព្រះ​បួន​ព្រះភ័ក្ត្រ ស្ថិតនៅ​ក្នុងស្រុក​កំពង់ធំ ខេត្ត​ឃ្លាំង​ដែល​វៀតណាម​ដាក់ឈ្មោះ​ថ្មី​ថា​សុក​ត្រាំ​ង (Soc Trang) ដែនដី​កម្ពុជា​ក្រោម មិន​ពេញចិត្ត ចំពោះ ព្រះចៅអធិការ​វត្ត ដែល​វាយ​ក្លោងទ្វារ​បូរាណ​ចោល ​។​ ​ពុទ្ធបរិស័ទ​លើកឡើង​ថា បើ​ទុក​ថវិកា​សម្រាប់​កសាង​ក្លោងទ្វារ​ថ្មី​ យកទៅ​ទំនុកបំរុង​ដល់​ព្រះសង្ឃ​រៀនសូត្រ​វា​ល្អ​ជាង ។ ការលើកឡើង​ដូច្នេះ ដោយ​ពុទ្ធបរិស័ទ​មើលឃើញថា ក្លោងទ្វារ​បូរាណ ហ្នឹង​នៅ​មាំមួន​ល្អ​នៅឡើយ គ្រាន់តែ​ដុសខាត់​លាបថ្នាំ​ឡើងវិញ នឹង​ទៅជា​ថ្មី​ហើយ ម្យ៉ាងវិញទៀត​វត្ត​ព្រះ​បួន​ព្រះភ័ក្ត្រ សាលា កុដិ​ក៏​ច្រើន រីឯ​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ក៏​ច្រើន តែ​មិនមាន​បើក​សាលា​ពុទ្ធិកសិក្សា​សម្រាប់​ព្រះសង្ ឃ​និង ​ពុទ្ធបរិស័ទ​សិក្សា​រៀន​សូ​ត្ត​ឡើយ​ ។​

ក្លោងទ្វារបូរាណ នៅ​វ​ត្ព​ព្រះ​បួន​ព្រះភ័ក្ត្រ មុនពេលមិនទាន់វាយកម្ទេចចោល ។ រូបៈ ផ្តល់ដោយ ព្រះតេជព្រះគុណ ថាច់ តី
ក្លោងទ្វារបូរាណ នៅ​វ​ត្ព​ព្រះ​បួន​ព្រះភ័ក្ត្រ មុនពេលមិនទាន់វាយកម្ទេចចោល ។ រូបៈ ផ្តល់ដោយ ព្រះតេជព្រះគុណ ថាច់ តី

​ពុទ្ធបរិស័ទ​ខ្មែរក្រោម​ម្នាក់​ចំណុះជើងវត្ត​ព្រះ​បួន​ព្រះភ័ក្ត្រ សព្វថ្ងៃ​លោក​រស់នៅ​ប្រទេស​បារាំង គឺ​លោក ថាច់ ទី​ទី លោក​សម្ដែង​ការសោកស្ដាយ​ចំពោះ​ព្រះចៅអធិការ​វត្ត​ព្រះ​បួន​ព្រះភ័ក្ត្រ ដែល​វាយកំទេច​ក្លោងទ្វារ​បុរាណ​ចោល ។ លោ​កថា​ក្លោងទ្វារ​បុរាណ​ដែលមាន​ទំហំ​ផ្ទៃដី​ប្រហែលជា ៨ ម៉ែត្រ​បួន​ជ្រុង​ប្រកបដោយ​ក្បូរក្បាច់​រចនាបថ​ខ្មែរ​នេះ នៅ​មាំមួន​នៅឡើយ​មិនគួរណា​ព្រះចៅអធិការ​វត្ត​ព្រះអង្គ​វាយ​កំទេចចោល​ឡើយ​។​

​លោក​ថាច់ ទី​ទី ៖ «​ព្រះចៅអធិការ​វត្ត​ព្រះ​បួន​ព្រះភ័ក្ត្រ​បានសម្រេច​វាយចោល នូវ​ក្លោងទ្វារ​បុរាណ​ដែលជា​កេរមត៌ក​ដូនតា​ខ្មែរ ខំ​កសាង​មកជា​ច្រើន​ឆ្នាំ​មកហើយ ហើយ​ក្លោងទ្វារវត្ត​ព្រះ​បួន​ព្រះភ័ក្ត្រ​នេះ គ្មាន​ក្លោងទ្វារវត្ត​ណាមួយ​ធ្វើ​ដូច​ទេ នៅក្នុង​ខេត្ត​ឃ្លាំង​យើង​នេះ បងប្អូន​ដឹង​ស្រាប់​ហើយ មាន​កំពូល​បី ហើយ​មាន​ដៃ (​មុខឈ្នាង​) លយ​ទៅមុខ​»​ ។​

​លោក​ថាច់ ទី ទី​ បន្តទៀតថា​គួរតែ​ទុក​ថវិកា​សម្រាប់​កសាង​ក្លោងទ្វារ​ថ្មី​នេះ យកទៅ ទំនុកបំរុង ដល់​ព្រះសង្ឃ ពុទ្ធបរិស័ទ​សិក្សា​ល្អ​ជាង ។​

​ពុទ្ធបរិស័ទ​ខ្មែរក្រោម​ នៅ​បារាំង​ដដែល​នេះ លើកឡើង​ទៀតថា វត្ត​ព្រះ​បួន​ព្រះភ័ក្ត្រ កុដិ​សាលា​ក៏​សំបូរ ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ក៏​ច្រើន​គួរសម​ដែរ តែ​ចាប់តាំងពី​ព្រះចៅអធិការ​វត្ត​បច្ចុប្បន្ន​ឡើង​គ្រប់គ្រង​វត្ត​មក​ប្រ​អង្គ​មិនដែល​បើក​សាលា​ពុទ្ធិ​កសោះ និង​មិនដែល​បើក​សាលាបង្រៀន​ភាសា​ខ្មែរ​ដល់​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ឲ្យ​បាន​ជាប់លាប់​ឡើយ ។​

​លោក​ថាច់ ទី​ទី ៖ «លោក​បង ថាច់ ប៊​ន ជា​ប្រវត្តិសាស្ត្រ​តាំងពីណា​ពី​ណី​មក លោក​បង មិនដែល​កសាង​សម្បត្តិ​មនុស្ស​ឡើយ ។ កសាង​តែ​វត្ត ហើយ​វត្ត​ព្រះ​បួន​ព្រះភ័ក្ត្រ មាន​កុដិ សាលា​ច្រើនណាស់ មាន​សាលា​តាំង​ពិ​ព័ណ៌​រូបភាព សាលា​ប្រជុំ សាលា​ទាន និង​កុដិ ជាដើម ដែល​ព្រះសង្ឃ​គង់នៅ​មួយរយ​អង្គ​ក៏​គ្រប់​ដែរ ហេតុ​ម៉េច​ក៏​លោ​កបង​មិន​កសាង​មនុស្ស មិនឱ្យ​លោក​ចេញទៅ​រៀន ។​ ការកសាង​ធនធានមនុស្ស​សំខាន់​ណាស់ សង្គម​និ​មួយ ៗ គេ​ត្រូវ​ការកសាង​ធនធានមនុស្ស​សិន កាលណា​មនុស្ស​ចេះដឹង​ច្រើន​ទើប​សង្គម ទើប​វត្ត​អារាម​ជឿនលឿន​បាន​»​ ។​

ចំណែក​ព្រះចៅអធិការ​វត្ត វត្តភ្នំ​ពេញ​ថ្មី​នៅ​កម្ពុជា ព្រះអង្គ​ធ្លាប់​សាង​ផ្នួស​នៅ​វត្ត​ចំប៉ា​ដែល​នៅ​ជិត​នឹង​វត្ត​ព្រះ​បួន​ព្រះភ័ក្ត្រ ព្រះអង្គ​បង្ហោះ​សារ នៅលើ​បណ្ដាញ​ម​ព័​ត៌​ស​ង្គ​មាន​របស់​ព្រះអង្គ (​វត្តភ្នំ​ពេញ​ថ្មី​) ថា​៖ ពុទ្ធបរិស័ទ​ខ្មែរក្រោម​មួយចំនួន លោក​មិន​យល់​តម្លៃ​ការរៀនសូត្រ​ភាសា​ខ្មែរ តម្លៃ​វប្បធម៌ និង​តម្លៃ​វត្ថុ​បុរាណ​នោះទេ ។​

សកម្មភាពគ្រឿងចក្រ បំផ្លាញ់ក្លោងទ្វារបូរាណ នៅ​វ​ត្ព​ព្រះ​បួន​ព្រះភ័ក្ត្រ ។ រូបៈ Screenshot
សកម្មភាពគ្រឿងចក្រ បំផ្លាញ់ក្លោងទ្វារបូរាណ នៅ​វ​ត្ព​ព្រះ​បួន​ព្រះភ័ក្ត្រ ។ រូបៈ Screenshot

ដូចជា​វត្ត​ចំប៉ា​របស់​ព្រះអង្គ​អីចឹង ពេលនេះ​ព្រះចៅអធិការ និង​គណៈកម្មការ អាចារ្យវត្ត​នាំគ្នា​កាប់​ដើមឈើ​ធំ ៗ ដែលមាន​អាយុកាល​ជាង ១០០ ឆ្នាំ​លក់​អស់ហើយ ចំណែក​សសរ​ ​ព្រះវិហារ​បុរាណ ដែល​រុះ​ចេញ​ដើម្បី​សាងសង់​វិហារ​ថ្មី​នោះ ពេលនេះ សសរ​បូរាណ​ទាំងនោះ ក៏ត្រូវ​ចៅអធិការ និង​គណៈកម្មការ អាចារ្យវត្ត​លក់​ឱ្យ​ឈ្មួញ​វៀតណាម​អស់​ដែរ ។​

​វៀតណាម​គេ​យក​សសរ​បូរាណ​ទាំងនោះ ទៅ​កសាង​វត្ត​គេ​នៅលើ​កំពូលភ្នំ​រួចហើយ​គេ​ផ្សព្វផ្សាយ​ថា វត្ត​របស់គេ​មាន​អាយុកាល​ប្រមាណ​ជាជាង ៥០០ ឆ្នាំ​ហើយ ដោយ​គេ​សំអាង​ទៅនឹង​សសរ​ព្រះវិហារ​របស់​ខ្មែរក្រោម ។​

​រីឯ​បុរស​ខ្មែរក្រោម​ម្នាក់ទៀត ដែលមាន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ថាច់ ថា (Thach tha) លោក​ដាក់​វិចារ​ថា ៖ ​រឿងរ៉ាវ​ប​បែ​នេះ ​មាន​យូរ​មកហើយ ហើយ​នេះ ​គឺជា​ល្បិច​របស់​អាជ្ញាធរ​វៀតណាម ខ្ចី​ខ្មែរ​រ​ដៃ​ដើម្បី​លុបបំបាត់​មត៌ក​វប្បធម៌​របស់​ខ្មែរក្រោម​តែប៉ុណ្ណោះ​ ។​

​ការលើក​ឡើងជា​បន្តបន្ទាប់​មកនេះ គឺ​បន្ទាប់ពី​ព្រះចៅអធិការ​វត្ត​ព្រះ​បួន​ព្រះភ័ក្ត្រ​វាយកម្ទេច​ចោល​នូវ​ក្លោងទ្វារ​បូរាណ នៃ​វត្ត​ព្រះ​បួន​ព្រះភ័ក្ត្រ​ដែល​កសាងឡើង​នៅ​គ្រឹ​ស្ត​សករាជ ១៩៦៤ ។​

​ក្លោងទ្វារ​នេះ​មាន​ទំហំ​ផ្ទៃដី​ប្រមាណ​ជា ៨ ម៉ែត្រ​បួន​ជ្រុង និង​មាន​កម្ពស់​ពី​ផ្ទៃដី​ដល់​កំពូល​ត្រៃ​សូល៍​ប្រមាណ​ជា ៥ ម៉ែត្រ ប្រកបដោយ​ក្បូរ​ក្បាច់រចនា​ខ្មែរ លំអ​ដោយ​ចម្លាក់​យក្ស​កាន់ដំបង​ឈរ​យាម​ក្លោងទ្វារ និង​ចម្លាក់​កិន្នរី ចម្លាក់​គ្រុឌ ហើយ​និង​ចម្លាក់​សិង្ហ​ឱប​កំពូល​ត្រីសូល៍ ស្ថិតនៅ​ក្នុងស្រុក​កំពង់ធំ ខេត្ត​ឃ្លាំង​ដែល​វៀតណាម​ដាក់ឈ្មោះ​ថ្មី​ថា​សុក​ត្រាំ​ង (Soc Trang) ដែនដី​កម្ពុជា​ក្រោម ​។ ក្លោងទ្វារ​នេះ​ ត្រូវបាន​វាយកម្ទេច​ចោល​ កាលពី​ថ្ងៃ​ទី ២៩ ខែកញ្ញា​ឆ្នាំ ២០២០​ ។​

​ទាក់ទង​នឹង​រឿងរ៉ាវ​ទាំងនេះ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម និង​សារព័ត៌មាន​ព្រៃនគរ ហៅ​ទូរ​សព្ទ​ទៅកាន់​ព្រះចៅអធិការ​វត្ត​ជាច្រើន​សារ​តែ​ព្រះអង្គ​មិន​ទទួល​ទូរស័ព្ទ ។ ទោះជា​យ៉ាង​យ៉ាងនេះ​ក្ដី ក៏មាន​លោក​អាចារ្យវត្ត​ព្រះ​បួន​ព្រះភ័ក្ត្រ​មួយរូប សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ ប្រាប់​វិទ្យុ​សម្លេង​កម្ពុជា​ក្រោម និង​សារព័ត៌មាន​ព្រៃនគរ ថ្មី ៗ នេះ ថា ព្រះចៅអធិការ​វត្ត​នេះ​ព្រះអង្គ​មានៈ​ណាស់​ព្រះអង្គ​មិន​ស្ដាប់​ពុទ្ធបរិស័ទ​ទេ ព្រះអង្គ​វាយកម្ទេច​ក្លោងទ្វារ​បុរាណ​ដោយ​សំអាង​លេស​ថា​ក្លោងទ្វារ​ចាស់​តូច ទាប​ពេក​រថយន្ត ធំ ៗ ដែលមាន​កំពស់​លើសពី ៣ ម៉ែត្រ​មិនអាច​ចូលក្នុង​ទីធ្លា​វត្ត​ដើម្បី​ធ្វើបុណ្យ​ទាន​និង​ទស្សនា​វត្ត​បានឡើយ ។​

ព្រះតេជព្រះគុណ ថាច់ ប៊​ន ព្រះចៅអធិការ​វ​ត្ព​ព្រះ​បួន​ព្រះភ័ក្ត្រ ជាមួយសិល្បករឈ្មោះ ក្វៀង លិ​ន (Quyền Linh) និងជាម្ចាស់គម្រោងតំបន់ទេសចរណ៍ស្រះស្រី​ទេព ឬ ស្រះស្រី ដែល​វៀតណាម​ហៅ យៀង​ទៀង (Gieng Tien)​ ស្ថិតនៅក្បែរ​វត្ត​បួន​ព្រះភ័ក្ត្រ ស្រុក​កំពង់ធំ ខេត្តឃ្លាំង ។ រូបៈ Internet
ព្រះតេជព្រះគុណ ថាច់ ប៊​ន ព្រះចៅអធិការ​វ​ត្ព​ព្រះ​បួន​ព្រះភ័ក្ត្រ ជាមួយសិល្បករឈ្មោះ ក្វៀង លិ​ន (Quyền Linh) និងជាម្ចាស់គម្រោងតំបន់ទេសចរណ៍ស្រះស្រី​ទេព ឬ ស្រះស្រី ដែល​វៀតណាម​ហៅ យៀង​ទៀង (Gieng Tien)​ ស្ថិតនៅក្បែរ​វត្ត​បួន​ព្រះភ័ក្ត្រ ស្រុក​កំពង់ធំ ខេត្តឃ្លាំង ។ រូបៈ Internet

លោក​អាចារ្យ​អាថ៌កំបាំង​ម្នាក់នេះ បន្ត​ប្រាប់​ដោយ​ភ័យខ្លាច​ទៀតថា ព្រះចៅអធិការ​វត្ត​អង្គ​នេះ​មិន​ត្រឹមតែ​ឃុបឃិត​ជាមួយ​ឈ្មួញ​វាយកម្ទេច​ក្លោងទ្វារវត្ត​ចោល​ប៉ុណ្ណោះ​ទេ ព្រះអង្គ​ថែមទាំង​ឃុបឃិត​ជាមួយ​ឈ្មួញ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​លក់​ផ្ទៃដី​ស្រះស្រី​ ដែលជា​កេរ្តិ៍ដំណែល​វប្បធម៌​ដូនតា​ខ្មែរ​ក្នុងស្រុក ​កំពង់ធំ​នេះ​ទៀតផង ។​

​វត្ត​ព្រះ​បួន​ព្រះភ័ក្ត្រ គឺជា​វត្ត​មួយ​ក្នុងចំណោម​វត្ត​ទាំង ៩២ វត្ត​នៃ​ខេត្ត​ឃ្លាំង ។ ឯ​វត្ត​ដែល​អាយុ​ចាស់​ជាងគេ​នៅក្នុង​ខេត្ត​ឃ្លាំង ទី ១ គឺ​វត្ត​ប្រាសាទ​គង់ កសាង​នៅ​គ្រឹ​ស្ត​សករាជ ១២២៤ ។ ទី ២ គឺ​វត្ត​ជ្រោយ​ទឹម​ចាស់ កសាង​នៅ​គ​.​ស ១៤៦៥ ។ ទី ៣ វត្ត​ពាង​សំ​រិ​ទ្ធិ ១៤៩៥ ។ ទី ៤ វត្ត​ព្រែក គយ​ចាស់ កសាង​នៅ​គ្រឺ​ស្ត​សករាជ ១៥០២ ។ ទី​៥ គឺ​វត្ត​ឃ្លាំង កសាង​នៅ​គ្រឺ​ស្ត​សករាជ ១៥៣២ ។ ទី ៦ គឺ​វត្ត​បួន​ព្រះភ័ក្ត្រ កសាង​នៅ​គ្រឹ​ស្ត​សករាជ ១៥៣៧​ ។​

Leave A Reply

Your email address will not be published.