វត្តបិដកត្យារាម ក្នងស្រុក មានអាយុកាល ១៣៧៥ ឆ្នាំ

230

ដោយ ថាច់ ប្រីជា គឿន

វត្តបិដកត្យារាម ក្នុងស្រុក ឋិតនៅក្នុងភូមិក្នុងស្រុក ឃុំហ្វាឡើយ ស្រុកកំពុងធំ ខេត្តព្រះត្រពាំង (Ấp Qui Nông, Xã Hoà Lợi, Huyện Châu Thành, Tỉnh Trà Vinh) បានស្ថាបនាឡើងក្នុងរាជ្យ ព្រះបាទភវវរ្ម័នទី ២ ប្រមាណ ព. ស. ១១៨៤ គ. ស. ៦៤១ ដោយស្នាព្រះហស្ថរបស់ ព្រះតេជព្រះគុណ ព្រះឧបជ្ឈាយ៍ ព្រះនាម ព្រឹក្ស ។ គិតមកដល់ឆ្នាំ ពុទ្ធសករាជ ២៥៦០ គ្រឹស្តសករាជ ២០១៦ វត្តនេះ មានអាយុកាល ១៣៧៥ ឆ្នាំហើយ ។

ព្រះវិហារវត្តបិដកត្យារាម ក្នងស្រុក ។ រូបថត៖ គេហទំព័រ Blog វត្តបិដកត្យារាម ក្នុងស្រុក
ព្រះវិហារវត្តបិដកត្យារាម ក្នងស្រុក ។ រូបថត៖ គេហទំព័រ Blog វត្តបិដកត្យារាម ក្នុងស្រុក

អំពីឈ្មោះវត្ត៖

ចាប់ពីពេលកកើតវត្តរហូរមកដល់សព្វថ្ងៃ វត្តបានប្ដូរឈ្មោះចំនួន ៣ ដង ។ លើកដំបូង ពេលចាប់ផ្ដើមកកើត វត្តភ្លាម ព្រះតេជព្រះគុណ ព្រះឧបជ្ឈាយ៍ ព្រះនាម ព្រឹក្ស បានដាក់ឈ្មោះថា “វត្តក្នុង” ។ ក្រោយមក ព្រះតេជ ព្រះគុណ ព្រះឧបជ្ឈាយ៍ ព្រះនាម រត្ន បានបំផ្លាស់ពី “វត្តក្នុង” មកជា “វត្តរតនារាម ក្នុងស្រុក” វិញ ។ លុះចំណេរកាលតមក នៅក្នុង ព. ស . ២៤៤០ គ. ស. ១៨៩៦ ព្រះតេជព្រះគុណ ព្រះឧបជ្ឈាយ៍ ព្រះនាម អម ព្រះអង្គមានភាពស្ទាត់ជំនាញផ្នែកខាងព្រះត្រៃបិដក ទើបព្រះអង្គបានប្ដូរឈ្មោះពី “វត្តរតនារាម ក្នុងស្រុក” ទៅជា “វត្តបិដកត្យារាម ក្នុងស្រុក” ជាប់រហូតមកដល់សព្វថ្ងៃនេះ ។

វត្តបិដកត្យារាម ក្នុងស្រុក ហៅ វត្តក្នុងស្រុក មានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ ៥៣ ឆៀងទៅទិសអាគ្នេយ៍ នៃ ខេត្តព្រះត្រពាំង ដោយមានផ្ទៃដីភូមិរាងបួនជ្រុងស្មើ និងមានរបងឥដ្ឋព័ទ្ធជុំវិញ ខ្លោងទ្វារចូលទាំង ពីរផ្លូវសងខាង ។ នៅត្រង់ពីខាងលិចមានព្រះពុទ្ធបដិមា ទ្រង់សឹងសម្រាកព្រះឥរិយាបថ បែរព្រះភ័ក្ត្រទៅទិស ខាងលិច ព្រះកេសទៅទិស ខាងជើង ។ វត្តមានព្រះវិហារដែលបានកសាងប្រមាណ ៣០០ ឆ្នាំ មកហើយ ។ ខាងកើត មានព្រះចេតីយ៍មួយធំខ្ពស់ស្កឹមស្កៃ កំពស់ជាង ២៥ ម៉ែត្រ និងមានកុដិសាលាធំៗព័ទ្ធជុំវិញ ព្រះ វិហារ ទៀតផង ។

នៅក្នុងបរិវេណវត្ត មានសួនច្បារ ដែលមានផ្កាជាច្រើនប្រភេទ ដូចជា ភ្ញី រាត្រី សារិកា ចម្ប៉ា ចម្ប៉ី ក្ដាំងងា និងឱទ្យានព្រឹក្ស និងមានដើមឈើធំៗជាច្រើន ដូចជា ដើមពោធិ៍ ជ្រៃ គគីរ ស្នាយ និង ឈើទាលជាដើម ដាំដុះជាជួរៗយ៉ាងមានរបៀបធ្វើឲ្យមណ្ឌលវត្តមានម្លប់ត្រឈឹងត្រឈៃគួរជាទីជ្រះថ្លា និងស្ងប់រម្ងាប់ ។

ខ្លោងទ្វារវត្តបិដកត្យារាម ក្នងស្រុក ។ រូបថត៖ គេហទំព័រ Blog វត្តបិដកត្យារាម ក្នុងស្រុក
ខ្លោងទ្វារវត្តបិដកត្យារាម ក្នងស្រុក ។ រូបថត៖ គេហទំព័រ Blog វត្តបិដកត្យារាម ក្នុងស្រុក

មុនពេលកកើតវត្តបិដកត្យារាម ក្នុងស្រុក ទីតាំងវត្តនេះ គឺជាព្រៃមានផ្នោរខ្សាច់ទួលខ្ពស់ កណ្ដាលវែង ខាងកើត និងខាងលិចជាទំនាប ដុះសុទ្ធតែដើមស្មាច់ និងឈើព្រៃផ្សេងៗជាច្រើន ញៀតស្បាត ដុះហ៊ុំជុំជិត រកផ្ទៃដីទំនេរធ្វើចំការច្បារដំណាំអ្វីពុំមានឡើយ មិនត្រឹមតែប៉ុណ្ណោះ នៅមានសត្វសាហាវរស់នៅជាច្រើន ទៀត ផង ។ ក្រោយមក ព្រះតេជព្រះគុណ ព្រះឧបជ្ឈាយ៍ ព្រះនាម ព្រឹក្ស មានព្រះជន្មាយុប្រមាណជាង ៣៥ ព្រះវស្សាប៉ុណ្ណោះ គង់នៅវត្តសិរីសាគរ ខេត្តកំពង់ឫស្សី (យួនហៅថា ខេត្តបេនត្រែ) បានភៀសព្រះកាយ មកនៅខេត្តព្រះត្រពាំង ហើយបានបបួលឧបាសក ឧបាសិកា ចាស់ក្មេង ព្រមទាំងព្រះសង្ឃកាប់ខ្លាឆ្ការព្រៃដើម្បីកសាងវត្តនៅចំកណ្ដាលព្រៃគង់នៅរហូតមក ។ ដោយសារវត្តនៅក្នុងព្រៃ ទើបបានដាក់ឈ្មោះ ថា “វត្តក្នុង” ឬ “វត្តក្នុងស្រុក” ដល់សព្វថ្ងៃនេះ ។

សព្វថ្ងៃ ចំណុះជើងវត្តក្នុងស្រុក មានវេន ឬ ភូមិទាំងអស់ ១៨ ភូមិ គឺ៖

១. ភូមិព្រែកអំពូ

២. ភូមិទល់អង្គរ

៣. ភូមិតាមែក

៤. ភូមិតាវ៉ង់

៥. ភូមិដំបូក

៦. ភូមិតាផាក

៧. ភូមិលិចវត្ត

៨. ភូមិត្បូងវត្ត

៩. ភូមិតាប៉ុក

១០. ភូមិដើមអំពិល

១១. ភូមិតាឈុន

១២. ភូមិកំពង់ព្រីង

១៣. ភូមិចុងបណ្ដាជើង

១៤. ភូមិចុងបណ្ដាត្បូង

១៥. ភូមិព្រែកឆាង

១៦. ភូមិតាវ៉ង់ទួល

១៧. ភូមិតាឈុនទួល

១៨. ភូមិចុងបណ្ដាទួល ហៅ ភូមិចាកតាកែវ

សូមបញ្ជាក់ថា នៅខេត្តព្រះត្រពាំង មានវត្តខ្មែរទាំងអស់ចំនួន ១៤៣ វត្ត ក្នុងនោះ ក្រៅពីវត្តបិដកត្យារាម ក្នុងស្រុក ដែលមានអាយុកាល ១៣៧៥ ឆ្នាំ មានវត្តសម្បូររង្សី បានកកើតឡើងក្នុងគ្រឹស្តសករាជ ៣៧៣ បើគិតមកដល់ ២០១៦ នេះ មានអាយុ ១៦៤៣ ឆ្នាំ ៕

………………………..

ឯកសារយោង៖

  • គេហទំព័រ Blog វត្តបិដកត្យារាម ក្នុងស្រុក
  • បញ្ជីវេនវត្តបិដកត្យារាម ក្នុងស្រុក

អត្ថបទនៅសង្ខេប នៅខ្វះព័ត៌មាន

Comments are closed.