ប៉ាប៉ួខាងលិចផ្ញើញត្តិទៅ UN អំពាវនាវឲ្យមាន សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង
ដោយ ថាច់ ប្រីជា គឿន
ញត្តិមួយត្រូវបានបញ្ជូនទៅ លោកស្រី Michelle Bachelet ជាប្រធាន នៃ អគ្គស្នងការអង្គ ការសហ ប្រជាជាតិទទួលបន្ទុកសិទិ្ធមនុស្ស អំពាវនាវឱ្យអង្គការសហប្រជាជាតិ ដាក់ ប៉ាប៉ួ ខាងលិច (West Papua) នៅលើរបៀបវារៈរបស់គណៈកម្មាធិការបោះឆ្នោតនិងធានានូវ សិទ្ធិសម្រេចវាសនាខ្លួន ដោយខ្លួន ឯងបន្ទាប់ពីមានការវាយប្រហារតាមអាកាសនិងការចោទប្រកាន់ពីការ វាយប្រហារជាតិ គីមីលើជនស៊ីវិលរាប់ពាន់នាក់កំពុងរងគ្រោះក្រោមការទប់ស្កាត់និងការស៊ើបអង្កេតរបស់កងទ័ពឥណ្ឌូណេស៊ី ។ ប្រជាជន ប៉ាប៉ួ ខាងលិច ប្រមាណ ១ លាន ៨ សែននាក់ បានចុះហត្ថ លេខា តំណាងប្រជាជនប្រមាណ ៧០% នៃ ដែនដីប៉ាប៉ួ ខាងលិច ។

នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៩ នេះ លោក Benny Wenda ជាប្រធាន នៃ ចលនា រួបរួមដើម្បីរំដោះប៉ាប៉ួខាងលិច (ULMWP) បានជូនញត្តិដែលមានចុះហត្ថលេខារបស់ពលរដ្ឋ ប៉ាប៉ួខាងលិចចំនួន ១.៨ លាននាក់ ដោយផ្ទាល់ដៃទៅ លោកស្រី Michelle Bachelet ជាប្រធាន នៃ អគ្គស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទិ្ធមនុស្សដើម្បីអំពាវនាវឲ្យអង្គការសហប្រជាជាតិដាក់ ប៉ាប៉ួខាងលិច (West Papua) នៅលើរបៀបវារៈរបស់គណៈកម្មាធិការ បោះឆ្នោត និងធានានូវ សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯងដែលប្រជាពលរដ្ឋប៉ាប៉ួខាងលិចត្រូវបដិសេធ នៅឆ្នាំ ១៩៦៩ ចំពោះការបោះឆ្នោត ដោយមានការស៊ើបអង្កើតពីអង្គការសហប្រជាជាតិ ។
យោងតាមសេចក្ដីថ្លែងការណ៍មួយ ធ្វើនៅទីក្រុងហ្សឺណែវ នៃ ប្រទេសស្វិស ធ្វើនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៩ ដោយ ចលនារួបរួមដើម្បីរំដោះប៉ាប៉ួខាងលិច (ULMWP)បន្ទាប់ពីបានប្រគល់ញត្តិនេះដល់ មន្ត្រីសិទ្ធិមនុស្ស នៃ អង្គការសហប្រជាជាតិ លោក Benny Wenda ជាប្រធាន នៃ ចលនារួបរួមដើម្បី រំដោះប៉ាប៉ួខាងលិច បានថ្លែងថា៖ “ប្រជាជនប៉ាប៉ួខាងលិចបានស្រែកយំអស់រយៈពេលជាង ៥០ ឆ្នាំ មកហើយ ។ នេះជាពេលវេលាសម្រាប់អង្គការសហប្រជាជាតិស្តាប់នូវការស្រែកហៅនេះ ដែលមាន ភាពបន្ទាន់ជាងពេលណាៗទាំងអស់ក្នុងពេលដែលពិភពលោកជួបនូវវិបត្តិមនុស្សធម៌មួយទៀតដែលកើតឡើងនៅតំបន់ខ្ពង់រាបប៉ែកខាងលិចនៃប៉ាប៉ួ ។ សព្វថ្ងៃនេះជនស៊ីវិលរាប់ពាន់នាក់នៅតំបន់ ឌូហ្គា (Nduga) បានគេចចេញពីការវាយប្រហារតាមអាកាសនិងអាវុធគីមីរបស់កងទ័ពឥណ្ឌូនេស៊ី ។ ចំណែកក្មេងៗបានស្លាប់ដោយសារការអត់ឃ្លានដោយកងទ័ពឥណ្ឌូណេស៊ីរារាំងរាល់ជំនួយឬការស៊ើបអង្កេត” ។
ហត្ថលេខារបស់ប្រជាពលរដ្ឋប៉ាប៉ួខាងលិច (West Papuan)ប្រហែល ៧០% នៃប្រជាជនបានប្រមូល ក្នុងរយៈពេលជាច្រើនខែនៅឆ្នាំ ២០១៧ហើយជាលទ្ធផល អាជ្ញាធរឥណ្ឌូណេស៊ី បានចាប់ខ្លួន និង ដាក់គុក សកម្មជនប៉ាប៉ួខាងលិច ផងដែរ ។ លោក YantoAwerkionមេដឹកនាំក្នុងស្រុកនៃគណៈ កម្មាធិការជាតិប៉ាពួខាងលិច (KNPB) ត្រូវឃុំខ្លួននៅក្នុងគុកអស់រយៈពេល ៨ ខែដោយគ្មាន ការកាត់ ក្តីដើម្បីគាំទ្រពាក្យបណ្តឹងនេះ។ ថ្មីៗនេះការិយាល័យរបស់គណៈកម្មាធិការជាតិប៉ាពួខាងលិច (KNPB) និង ចលនារួបរួមដើម្បីរំដោះប៉ាប៉ួខាងលិច (ULMWP) នៅប៉ាប៉ួខាងលិចត្រូវបានគេវាយឆ្មក់ហើយ សកម្មជនសំខាន់ៗត្រូវបានចាប់ខ្លួន។
សកម្មជន ៥ នាក់ត្រូវចាប់ខ្លួនអំឡុងការវាយឆ្មក់មួយនៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៩ ដោយសារ តែអាជ្ញាធរបានរកឃើញការជាប់ពាក់ព័ន្ធរបស់ពួកគេនៅក្នុងញត្តិរបស់ប្រជាជន ។ ៣ នាក់នៅជាប់ គុកដោយសារចោទប្រកាន់ពីបទក្បត់ជាតិ ។
សព្វថ្ងៃ ប៉ាប៉ួខាងលិច ក៏ជាសមាជិក នៃ អង្គការប្រជាជាតិ និង ប្រជាជនគ្មានតំណាង (UNPO) ផងដែរ ។ យោងតាម UNPO ប៉ាប៉ួខាងលិចមានប្រជាជនប្រមាណ ៣.៥០០.០០០ នាក់ ក្នុងនោះ មានជនជាតិ ដើមប៉ាប៉ួខាងលិច និង ជនជាតិឥណ្ឌូណេស៊ី ។ ប៉ាប៉ួខាងលិច ជាដែនដីមួយផ្នែកឋិតនៅភាគខាងលិច នៃ ប្រទេសឥណ្ឌូណេស៊ី មានផ្ទៃដីប្រមាណ ៤២០.៥២០ គីឡូម៉ែត្រក្រឡា ៕