បើមិនទាន់អាចយកកម្ពុជាក្រោមមកវិញ តើមេដឹកនាំកម្ពុជា អាចជួយខ្មែរក្រោម បានដែរឬទេ?
ដោយ ជុន ច័ន្ទបុត្រ | RFA Khmer
នារយៈពេលចុងក្រោយនេះ រឿងរ៉ាវទឹកដីកម្ពុជាក្រោម ត្រូវបានអ្នកនយោបាយប្រឆាំង និងពលរដ្ឋដែលឈឺឆ្អាលអំពីបញ្ហាទឹកដីកម្ពុជាក្រោម បានចេញមុខបញ្ចេញទស្សនៈ ហើយដែលភាគច្រើនបានរិះគន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានថ្លែងជាថ្មី កាលពីថ្ងៃទី ៣ ខែមីនា ព្រមានអ្នកចង់ទៅធ្វើសង្រ្គាមវាយយកទឹកដីកម្ពុជាក្រោម ពីវៀតណាម ជាការទៅរកសេចក្តីស្លាប់ ។ លោក ហ៊ុន សែន ថែមទាំងបញ្ជាក់ថា នឹងត្រៀមក្តារមឈូស សម្រាប់ដាក់ខ្មោចអ្នកចង់ទៅ ទាមទារយកទឹកដីខ្មែរ ដែលបាត់បង់ទៅវៀតណាម នោះទៀតផង។ ប៉ុន្តែ សំណួរនៅត្រង់ថា បើទោះជាមិនប្រើសង្រ្គាមវាយយកទឹកដីកម្ពុជាក្រោម ពីវៀតណាមវិញ ក៏ដោយចុះ តើរដ្ឋាភិបាលកម្ពុជាអាចធ្វើអ្វីខ្លះបាន ដើម្បីជួយពលរដ្ឋខ្មែរក្រោមដែលជាឈាមជ័រជាខ្មែរដូចគ្នា? ។

បើទោះជាទឹកដីកម្ពុជាក្រោម ត្រូវបានជនជាតិវៀតណាម ចូលទន្រ្ទានឈ្លានពានកាន់កាប់ ពីប្រទេសកម្ពុជាបន្តិចម្តងៗ ចាប់តាំងពីជាង ៤០០ ឆ្នាំមុន និងត្រូវបានអាណានិគមបារំាងផ្ទេរទៅឱ្យវៀតណាម ត្រួតត្រាបន្តដោយខុសច្បាប់ នៅឆ្នាំ ១៩៤៩ ក្តី បញ្ហាទឹកដីកម្ពុជាក្រោម នៅតែបន្តជាប្រធានបទរសើប និងចំរូងចំរាស់បំផុតមួយ នៅក្នុងនយោបាយកម្ពុជា និងក្នុងចំណោមពលរដ្ឋខ្មែរ ដែលយកចិត្តទុកដាក់ ពីប្រវត្តិសាស្រ្តនៃទឹកដីខ្មែរមួយផ្នែកនេះ ។
បញ្ហាទឹកដីកម្ពុជាក្រោម ត្រូវបានសាធារណជនលើកឡើងនិយាយជាថ្មីទៀត ក្រោយពីលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងរំលឹកពីការឆ្លើយតបរបស់លោកទៅកាន់អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ ដែលបានចូលបញ្ចេញទស្សនៈស្នើឱ្យលោក ហ៊ុន សែន លើកទ័ពចូលវាយយកទឹកដីកម្ពុជាក្រោមមកវិញ ស្របពេលដែលសង្រ្គាមរវាងប្រទេសរុស្សី (Russia) និងអ៊ុយក្រែន (Ukraine) កំពុងកើតមានឡើង ។
ជាការឆ្លើយតប លោក ហ៊ុន សែន ថា លោកមិនទៅវាយយកកម្ពុជាក្រោមនោះទេ ហើយបើអ្នកណាពូកែ ទៅវាយយកចុះ លោកជួយចេញលុយធ្វើបុណ្យសពទៀតផង៖ «មានមួយនោះ មកឆ្កុយទៅហ្មង សម្តេច សូមលើកទ័ពទៅវាយយកកម្ពុជាក្រោម ។ ឆ្លើយតបទៅវិញ ទៅវាយយកខ្លួនឯងទៅ ។ បិះថែមមួយបន្ទាត់ទៀត ទៅវាយខ្លួនឯងទៅ ខ្ញុំជួយធ្វើក្តារមឈូស និងកប់ខ្មោចឱ្យ […] អ្នកណាពូកែសូមអញ្ជើញទៅ ហើយខ្ញុំជួយក្នុងការធ្វើក្តារមឈូស និងជួយកប់ខ្មោចឱ្យ ហើយរឿងហ្នឹង ខ្ញុំបាននិយាយតាំងពីឆ្នាំ ៩៥-៩៦ នៅពេលនោះ មានការព្យាយាមចង់ធ្វើ ហើយខ្ញុំប្រកាសត្រង់ៗ តែម្តង ។ រឿងអតីតកាលវាបានកន្លងផុត មិនដឹងថា ផុតទៅឯណានោះ» ។
ជាការពិតណាស់ នៅក្នុងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្ស ត្រូវបានវៀតណាមជ្រោមជ្រែងឱ្យឡើងកាន់អំណាច ចាប់តាំងថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ មិនដែលមាននិយាយអ្វី ដែលពាក់ព័ន្ធនឹងការសើរើបញ្ហាទឹកដីកម្ពុជាក្រោម ឬក៏ជួយយកចិត្តទុកដាក់ ចំពោះខ្មែរក្រោម ដែលកំពុងរស់នៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលវៀតណាមនោះទេ បើទោះបីជាទាំងរដ្ឋធម្មនុញ្ញ និងច្បាប់សញ្ជាតិរបស់ប្រទេសកម្ពុជា សុទ្ធតែធានាអំពីការគាំពាររបស់រដ្ឋដោយគ្រប់មធ្យោបាយការទូត ចំពោះរាល់ពលរដ្ឋខ្មែរ ដែលកំពុងរស់នៅឯបរទេសក្តី ។
ជាការពិតណាស់ បើប្រៀបជាមួយប្រទេសវៀតណាម ទាំងទំហំទឹកដី ទាំងចំនួនប្រជាជន ទំាងកម្លាំងសេដ្ឋកិច្ច និងកម្លាំងយោធា វាអាចមិនមែនជារឿងងាយស្រួលសម្រាប់កម្ពុជានោះទេ ប្រសិនបើប្រើកម្លាំងទ័ពវាយយកទឹកដីកម្ពុជាក្រោមមកវិញ ។ នេះគេនៅមិនទាន់និយាយដល់គោលការណ៍អន្តរជាតិ ដែលមិនសូវជាលើកទឹកចិត្តឱ្យប្រើកម្លាំងយោធាដោះស្រាយបញ្ហា នៅក្នុងពេលបច្ចុប្បន្នផងនោះ ។
អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក (Facebook) ម្នាក់ ដែលបញ្ចេញទស្សនៈឱ្យលោក ហ៊ុន សែន លើកទ័ពទៅវាយយកកម្ពុជាក្រោមនោះ អាចប្រហែលជាចង់ឌឺដងឱ្យលោក ហ៊ុន សែន ក៏អាចថាបាន ដោយសារតែលោក ហ៊ុន សែន តាំងតែពីដើមមក ហាក់មិនបានយកចិត្តទុកដាក់ពីរឿងសុខទុក្ខរបស់ពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅលើទឹកដីកម្ពុជាក្រោមនោះឡើយ ។
ចំណែកពីខាងលោក ហ៊ុន សែន វិញ ដែលឆ្លើយតបថា បើខ្លាំងទៅវាយយកខ្លួនឯងទៅនោះ ក៏ហាក់ជាការឌឺដងទៅវិញដែរ ។ ក៏ប៉ុន្តែ ការឆ្លើយតបរបស់លោក ហ៊ុន សែន បែបនេះ ក៏បានទទួលនូវការរិះគន់មិនតិចដែរទេ ដោយអ្នកខ្លះបាននិយាយចោទលោក ហ៊ុន សែន ថា នៅតែជាអាយ៉ងរបស់វៀតណាម និងជាមេដឹកនាំខ្មែរ ដែលគ្មានការទទួលខុសត្រូវ ចំពោះទឹកដីដូនតា ដែលត្រូវបានបរទេសដណ្តើមឈ្លានពានយកទៅគ្រប់គ្រង ។
បន្ថែមពីលើនេះ ក៏មានមតិខ្លះលើកឡើងថា ក្នុងករណីនេះ លោក ហ៊ុន សែន គួរជ្រើសយកផ្លូវ នៅស្ងៀមមិនឆ្លើយ មិនឆ្លងប្រសើរជាង ព្រោះថា ការឆ្លើយតបបែបនេះ វាមិនបានចំណេញអ្វី ដល់ផលប្រយោជន៍ជាតិច្រើននោះទេ ។ ផ្ទុយទៅវិញ វាហាក់ដូចជាការបន្ទុចបង្អាក់បំបាក់ស្មារតីស្នេហាជាតិរបស់មនុស្សមួយចំនួន ជាពិសេស គឺពលរដ្ឋខ្មែរក្រោម ដែលកំពុងតស៊ូមតិ ទាមទារសិទ្ធិសេរីភាព នៅដែនដីកម្ពុជាក្រោម និងហាក់បង្ហាញនូវភាពចុះចាញ់ ឬអស់សង្ឃឹម ថា ទឹកដីកម្ពុជាក្រោម លែងមានឱកាសអាចក្លាយជារបស់កម្ពុជាវិញដែរ ។ លើសពីនេះ ការឆ្លើយតបរបស់លោក ហ៊ុន សែន ក៏ហាក់ជាការចេញមុខជួយនិយាយការពារការទន្រ្ទានទឹកដីរបស់ជនជាតិវៀតណាម និងហាក់ចាត់ទុកថា ការលេបយកទឹកដីខ្មែរដោយវៀតណាម ជារឿងខ្មែរមិនគួរសើរើឡើងវិញដែរ ។
លោក ហ៊ុន សែន ធ្លាប់បានថ្លែង នៅក្នុងកិច្ចប្រជុំរដ្ឋសភាកាលពីឆ្នាំ ២០១២ ដែលនៅពេលនោះ លោកបានលើកឡើងនូវចំណុចមួយចំនួនពាក់ព័ន្ធនឹងទឹកដីកម្ពុជាក្រោម រួមទាំងកោះត្រល់ផង ដែលថា កម្ពុជាបានបាត់បង់ ហើយមិនអាចទាមទារយកមកវិញបាន ក្រៅតែពីការពារទឹកដី ដែលមានសេសសល់នៅពេលបច្ចុប្បន្ន ។
ទោះជាយ៉ាងណាក៏ដោយ ក៏នៅមានមនុស្សមួយចំនួនយល់ឃើញដែរថា កម្ពុជាគួរចងក្រងឯកសារពិនិត្យលទ្ធភាពប្តឹងប្រទេសវៀតណាម ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដើម្បីសើរើបញ្ហាទឹកដីកម្ពុជាក្រោម ដើម្បីឱ្យខ្មែរគ្រប់ភាគី និងគ្រប់និន្នាការមានការអស់ចិត្ត ដូចដែល សម្តេចព្រះនរោត្តម សីហនុ ធ្លាប់ធ្វើជាមួយប្រទេសថៃ ទាមទារយកប្រាសាទព្រះវិហារមកវិញ កាលពីឆ្នាំ ១៩៦២ ។
ដូច្នេះ ប្រហែលជាគេអាចនិយាយបានថា ការជ្រើសរើសផ្លូវប្រើកម្លាំងទ័ពវាយយកទឹកដីកម្ពុជាក្រោម ប្រហែលមិនមែនជាជំរើសល្អនោះទេ ប៉ុន្តែ ការសាកល្បងប្រើប្រាស់យន្តការប្តឹង ផ្តល់តាមច្បាប់ទៅកាន់តុលាការអន្តរជាតិ សើរើរឿងទឹកដីប្រហែលអាចជាជម្រើសដ៏ប្រសើរមួយ ដើម្បីតតាំងជាមួយប្រទេសវៀតណាមផង និងដើម្បីឱ្យខ្មែរគ្រប់និន្នាការទទួលយកបានផង ប្រសិនបើកម្ពុជាយល់ថា ខ្លួនមានឯកសាររឹងមាំអាចតតាំងឈ្នះក្តីលើប្រទេសវៀតណាម ។
ការប្រើប្រាស់យន្តការច្បាប់អន្តរជាតិនេះ ប្រសិនទទួលបានជោគជ័យវានឹងជាប្រយោជន៍ ធំធេងសម្រាប់ជាតិ តែបើមិនជោគជ័យទេ វាក៏បានបង្ហាញឱ្យឃើញពីឆន្ទៈទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំកម្ពុជា ចំពោះប្រជាជននិងទឹកដីខ្មែរ ដែលត្រូវបានបរទេសឈ្លានពានគ្រប់គ្រង និងក៏អាចជាការបំផុសនូវស្មារតីសាមគ្គី ឯកភាពជាតិ ជាពិសេសរវាងពលរដ្ឋខ្មែរក្រោម និងមេដឹកនាំកម្ពុជាផងដែរ ។
លោកបណ្ឌិត កែម ឡី កាលនៅមានជីវិតនៅឡើយ ធ្លាប់លើកឡើងជាហូរហែរថា មានកត្តាច្រើនណាស់ ដែលកម្ពុជាអាចមានប្រៀបក្នុងការទាមទារយកទឹកដីកម្ពុជាក្រោមនេះ ពីវៀតណាមមកវិញបាន ។ ជាបន្តទៅទៀតនេះ គឺជាប្រសាសន៍របស់លោកបណ្ឌិតកែម ឡី ដែលធ្លាប់លើកឡើងក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី៖ «ធ្វើយ៉ាងម៉េចដើម្បីបានទឹកដីកម្ពុជាក្រោមមកវិញ? ខ្ញុំថាបាន ។ ដោយសារអី? យើងមានទាំងកត្តានយោបាយ យើងមានទាំងកត្តាច្បាប់ យើងមានទាំងកត្តាភូមិសាស្ត្រ វិទ្យាសាស្ត្រ ប្រជាសាស្រ្ត ហើយកត្តាវប្បធម៌ទៅទៀត វត្តអារាម ប្រពៃណិយ៍ ទំនៀមទំលាប់ យើងនៅច្រើនណាស់ ។ គឺយើងអាចប្តឹងផ្តល់បាន ។ ដូចផ្លូវច្បាប់ យើងមានផែនទីតម្កល់នៅអង្គការសហប្រជាជាតិតើ» ។
ទាក់ទងនឹងការដែលសំអាងថា វាហួសពេលក្នុងការទាមទារទឹកដីកម្ពុជាក្រោមមកវិញ ដោយសារបារាំងបានកាត់ទឹកដីនេះប្រគល់ទៅអោយវៀតណាមរួចទៅហើយនោះ លោកបណ្ឌិត កែម ឡី លើកឡើងថា ទង្វើរបស់បារាំងនេះ មិនត្រឹមត្រូវតាមច្បាប់នោះឡើយ៖ «ញុំគិតថាជំនាន់ហ្នឹង គឺមានន័យថា រដ្ឋាភិបាលកម្ពុជា មិនបានប្រគល់អោយទេ ។ គឺមានប្រទេសមួយប្រគល់អោយ ។ អញ្ចឹងបើសិនជាមានប្រទេសមួយប្រគល់អោយអញ្ចឹង ខ្ញុំអាចប្រគល់អាមេរិកហ្នឹងទៅអោយចិនបាន ហើយចិនអាចទៅគ្រប់គ្រងអាមេរិកបាន…អត់បានទេទាល់តែអាមេរិកហ្នឹងប្រគល់អោយដែរ» ។
យ៉ាងណាក៏ដោយចុះ មកដល់ត្រង់នេះ បើទោះជាថាទឹកដីកម្ពុជាក្រោម នៅបន្តឋិតក្រោមការគ្រប់គ្រងរបស់វៀតណាមក្តី រដ្ឋាភិបាលកម្ពុជា ក៏ប្រហែលជានៅតែអាចជួយខ្មែរក្រោម បានដដែល ទាំងពលរដ្ឋខ្មែរក្រោម ឡើងមករស់នៅលើទឹកដីកម្ពុជា និងខ្មែរក្រោម ដែលកំពុងរស់នៅលើទឹកដីកម្ពុជាក្រោម ក្រោមការគ្រប់គ្រងដោយវៀតណាម ។
សម្រាប់ខ្មែរក្រោមឡើងមកកម្ពុជា ខ្មែរក្រោមតែងស្នើឱ្យរដ្ឋាភិបាលកម្ពុជាផ្តល់ភាពស្របច្បាប់ ដល់ពួកគាត់ដូចពលរដ្ឋខ្មែរទូទៅ និងផ្តល់ឱកាសដល់ពួកគាត់កសាងជីវិត នៅលើទឹកកម្ពុជា ដោយគ្មានការគំរាមកំហែង ឬបំភិតបំភ័យ ។ ចំពោះពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅដែនដីកម្ពុជាក្រោម ឯណោះវិញ រដ្ឋាភិបាលកម្ពុជា ក៏ប្រហែលជាអាចជួយគាំពារពួកគាត់តាមរយៈ ការស្នើទៅកាន់រដ្ឋាភិបាលវៀតណាម ឱ្យយកចិត្តទុកដាក់ពលរដ្ឋខ្មែរក្រោម ដូចដែលវៀតណាម ស្នើកម្ពុជាយកចិត្តទុកដាក់ ចំពោះជនជាតិវៀតណាម រស់នៅក្នុងទឹកដីកម្ពុជាដូច្នោះដែរ ។ លើសពីនេះ នៅពេលមានការរំលោភបំពានសិទ្ធិខ្មែរក្រោម ពីសំណាក់អាជ្ញាធរវៀតណាម រដ្ឋាភិបាលកម្ពុជា ក៏គួរប្រើប្រាស់គ្រប់មធ្យោបាយការទូត ដើម្បីជួយខ្មែរក្រោម ផងដែរ ។
លោកបណ្ឌិត កែម ឡី ក៏ធ្លាប់លើកឡើងពីចំនុចនេះដែរ ។ លោកមានប្រសាសន៍ថា ច្បាប់អន្តរជាតិ តម្រូវអោយប្រទេសនីមួយៗ ការពារជនជាតិដើមភាគតិច ។ លោកអះអាងទៀតថា បើរដ្ឋាភិបាលមានឆន្ទៈចង់ជួយដល់ខ្មែរក្រោមមែន បើមិនអាចទាមទារយកមកទឹកដីមកវិញបាន ក៏អាចទាមទារអោយទឹកដីកម្ពុជាក្រោម ក្លាយជារដ្ឋឯករាជ្យមួយបានដែរ ។ លោកថា នៅលើពិភពលោក មានគេធ្វើបែបនេះ ជាច្រើនករណីហើយដែរ៖ «កន្លែងហ្នឹងខ្ញុំគិតថា រដ្ឋាភិបាលអាចធ្វើបាន ហើយអត់ខុសពីច្បាប់អន្តរជាតិទេ ។ អោយវៀតណាមហ្នឹងផ្តល់ព័ត៌មានជាប្រវត្តិសាស្រ្តហ្នឹងអោយបានត្រឹមត្រូវ ហើយអោយវៀតណាមហ្នឹងគោរពសិទ្ធិជាមូលដ្ឋាន នៅក្នុងកម្ពុជាក្រោមហ្នឹង ។ អាហ្នឹងក៏ជាអាចថាបានដែរ ។ នៅក្នុងកាលៈទេសៈនេះ ខ្ញុំគិតថា រដ្ឋាភិបាលខ្មែរយើងអាចទាញប្រយោជន៍ច្រើន ។ ប្រសិនបើ ក្នុងកាលៈទេសៈនេះ រដ្ឋាភិបាលមួយការពារប្រយោជន៍ជនជាតិខ្មែរមែន ការពារប្រទេសកម្ពុជាមែន អាចចាត់វិធានការអោយវៀតណាមហ្នឹង គោរពសិទ្ធិខ្មែរកម្ពុជាក្រោម ឬមួយក៏រៀបចំធ្វើម៉េចអោយកម្ពុជាក្រោមជាទឹកដីខ្មែរយើងហ្នឹង អោយទៅជារដ្ឋឯករាជ្យមួយ ។ រដ្ឋាភិបាលកម្ពុជាអាចទាមទារអាហ្នឹងបាន ។ បើយើងមិនទាមទារទឹកដីមកវិញ ក៏អាចទាមទារជារដ្ឋឯករាជ្យ ពីព្រោះម៉ូដែលនៅលើពិភពលោកច្រើន ដែលលេចចេញរូបរាងហ្នឹង ពីព្រោះជនជាតិខ្មែរយើងរស់នៅហ្នឹងច្រើន» ។
ទោះជាយ៉ាងណា រដ្ឋាភិបាលកម្ពុជាហាក់មិនបានយកចិត្តទុកដាក់ចំពោះទុក្ខលំបាក ឬការរំលោភសិទ្ធិមនុស្សខ្មែរក្រោម ដោយអាជ្ញាធរវៀតណាមនោះឡើយ ហើយគេ ក៏មិនដែលឃើញរដ្ឋាភិបាលកម្ពុជា និយាយជាសាធារណៈស្នើទៅកាន់រដ្ឋាភិបាលវៀតណាម ឱ្យគិតគូរពីខ្មែរក្រោម ឬកុំឱ្យមានការរំលោភបំពានសិទ្ធិមនុស្សខ្មែរក្រោមនោះដែរ ។
សរុបសេចក្តីមក ដរាបណារដ្ឋាភិបាលរបស់លោក ហ៊ុន សែន នៅតែមិនខ្វល់ខ្វាយ ឬឈឺឆ្អាល ពីទុក្ខលំបាករបស់ខ្មែរក្រោម ប្រាកដណាស់ លោក ហ៊ុន សែន នឹងនៅតែបន្តទទួលនូវការរិះគន់ថា ហាក់កំពុងបោះបង់ពលរដ្ឋខ្មែរក្រោម ដែលជាឈាមជ័រខ្មែរតែមួយចោល និងជារដ្ឋាភិបាលដែលមិនមានការទទួលខុសត្រូវចំពោះជនជាតិខ្លួនរស់នៅឯបរទេស ដែលការពារ ដោយរដ្ឋធម្មនុញ្ញកម្ពុជា ។ លើសពីនេះ លោក ហ៊ុន សែន ក៏ប្រហែលជា នៅតែត្រូវគេនិយាយ ចោទប្រកាន់ថា ជាអាយ៉ងរបស់វៀតណាម ប្រសិនបើលោកនៅតែមិនហ៊ានលេងស្មើមុខស្មើមាត់ជាមួយរដ្ឋាភិបាលវៀតណាម ទាក់ទងនឹងបញ្ហាទឹកដីកម្ពុជាក្រោម និងជាពិសេសការរំលោភបំពានសិទ្ធិខ្មែរក្រោម ពីសំណាក់អាជ្ញាធរវៀតណាម ៕