អ្នកស្រី ឡឹម លីណា ចង់កសាងសង្គមខ្មែរក្រោមឲ្យកាន់តែខ្លាំងឡើង
ដោយ ថាច់ វឿង
អ្នកស្រី ឡឹម លីណា ជាខ្មែរក្រោមដែលមានដើមកំណើតមកពីខេត្តឃ្លាំង នៃដែនដីកម្ពុជា ក្រោម និងស្វាមីរបស់គាត់គឺ លោក Chris Larsen ជាជនជាតិអាមេរិក និងជាម្ចាស់ក្រុម ហ៊ុនដ៏ធំមួយនៅសហរដ្ឋអាមេរិក កំពុងតែរៀបចំដំណើរការកសាងវត្តមួយនៅទីក្រុង San Jose រដ្ឋ California ដើម្បីធ្វើបុណ្យសុន្ទរ៍ទានតាមប្រពៃណីជាតិ និងសាសនា ព្រមទាំងជាទី សម្រាប់ផ្សព្វផ្សាយពុទ្ធសាសនា និង វប្បធម៌ខ្មែរ ផងដែរ ។

យោងតាម ទស្សនាវដ្ដី Silicon Valley Business Journal ចុះផ្សាយនៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ អ្នកស្រី ឡឹម លីណា បានបញ្ជាក់អំពីមូលហេតុដែលនាំឲ្យគ្រួសារអ្នក ស្រីសម្រេចកសាងវត្តមួយដែលមានឈ្មោះ “វត្តកម្ពុជាក្រោម” ថា “វត្តអារាមមានសារៈ សំខាន់ខ្លាំងណាស់សម្រាប់សហគមន៍ ជាពិសេស សម្រាប់មនុស្សចាស់ៗ ។ ពួកគាត់នាំគ្នា ទៅវត្តដើម្បីជួបជុំគ្នា និងឧបត្ថម្ភដល់វត្ត” ។ ដូច្នេះ ទើបគ្រួសារអ្នកស្រី លីណា “ចង់កសាងវត្ត មួយឲ្យបានសមរម្យ ស្រស់ស្អាត និងជាទីស្ងប់សម្ងាប់សម្រាប់សហគមន៍ ដែលពួកគាត់ អាចប្រតិបត្តិតាមមាគ៌ាសាសនា និងរក្សាប្រពៃណីជាតិ និងវប្បធម៌ខ្មែរឲ្យបានរឹងមាំ និងគង់វង្ស ដូចប្រវត្តិសាស្ត្របានបញ្ជាក់ថា ខ្មែរជាជាតិសាសន៍មួយដ៏រុងរឿង ។
យោងតាមទស្សនាវដ្ដីដដែល អ្នកស្រី ឡឹម លីណា បានបន្តទៀតថា អ្នកស្រីចង់មានកន្លែង មួយដែលធ្វើឪ្យសហគមន៍របស់ខ្លួនមានមោទនភាពទៅលើវត្តនេះ និងថា វត្តគឺជាមូលដ្ឋាន គ្រឹះនៃសង្គមជាតិរបស់ខ្មែរក្រោម ។
អ្នកស្រីបានបន្តទៀតថា មិនត្រឹមតែកសាងវត្តអារាមមួយមុខប៉ុណ្ណោះទេ អ្នកស្រីគ្រោងនឹង កសាងសង្គមខ្មែរក្រោមតាមវិធីជាច្រើនទៀត ដែលអាចធ្វើទៅបានដើម្បីឲ្យសង្គមជាតិ ខ្មែរក្រោមទាំងមូលកាន់តែខ្លាំងឡើង ដូចជា “ជួយដល់វិស័យសិក្សាអប់រំ ផ្ដល់ប្រាក់កម្ចី សម្រាប់ធ្វើពាណិជ្ជកម្ម និងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីជួយដល់សហគមន៍ឲ្យបានឈានទៅ រកវឌ្ឍនភាព និងរុងរឿង” ។
វត្តដែលគ្រួសារ អ្នកស្រី ឡឹម លីណា កំពុងតែរៀបចំកសាងនោះ មានឈ្មោះថា “វត្តកម្ពុជា ក្រោម” ដែលគ្រោងនឹងសាងសង់នៅលើផ្ទៃដីទំហំ ២ ហិកគើ នៅទីក្រុង San Jose រដ្ឋ California ។ ផែនការកសាងវត្តនេះ បានចាប់ផ្ដើមតាំងពីឆ្នាំ ២០១៨ មកម្ល៉េះ ។
ព្រះតេជព្រះគុណ ថាច់ តី ជាព្រះសង្ឃខ្មែរក្រោម និមន្តមកពីវត្តព្រែកពិន្ទង ខេត្តឃ្លាំង សព្វថ្ងៃ គង់នៅវត្តពុទ្ធឃោសាចារ្យ នាទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក បានមានថេរដីកាចាប់អារម្មណ៍ចំពោះការកសាង “វត្តកម្ពុជាក្រោម” នេះថា ព្រះអង្គមាន មោទនភាពដែលបានឃើញគ្រួសារ អ្នកស្រី លីណា មានសទ្ធាជ្រះថ្លាកសាងវត្តអារាម ដើម្បី ទុកជាសម្បត្តិជាតិ និងពុទ្ធសាសនា ដើម្បីឲ្យពុទ្ធបរិស័ទធ្វើបុណ្យសុន្ទរ៍ទាន និងរក្សាប្រពៃណី ជាតិខ្មែរឲ្យបានគង់វង្ស ព្រមទាំងផ្សព្វផ្សាយនូវកត្តិនាមខ្មែរក្រោមឲ្យបរទេសបានដឹងនៅលើ ទឹកដីសហរដ្ឋអាមេរិក ។

អ្នកស្រី ឡឹម លីណា ឆ្នាំនេះអាយុ ៤៩ បានរៀបរាប់អំពីដំណើរជីវិតរបស់ខ្លួនប្រាប់ ទស្សនាវដ្ដី The Silicon Valley Business Journal ថា អ្នកស្រីបានភៀសខ្លួនជាមួយនឹងម្ដាយឪពុក ចេញពីដែនដីកម្ពុជាក្រោម មករស់នៅសហរដ្ឋអាមេរិកតាំងពីអ្នកស្រីមានអាយុ ១៤ ឆ្នាំ ម្ល៉េះ ។ ដំបូងឡើយ គ្រួសារអ្នកស្រីបានភៀសខ្លួនចេញពីកម្ពុជាក្រោម ទៅប្រទេសកម្ពុជា នៅឆ្នាំ ១៩៧៩ ពេលដែលរបបខ្មែរក្រហមទើបដួលរលំភ្លាម ។ បន្ទាប់មក បានភៀសខ្លួនទៅ នៅក្នុងជំរុំជនភៀសខ្លួននៅប្រទេសថៃអស់ ២ ឆ្នាំ និងក្រោយមកទៀត បានទៅនៅប្រទេស ហ្វីលីពីនអស់ ៩ ខែ មុនពេលបានមករស់នៅសហរដ្ឋអាមេរិក នាចុងឆ្នាំ ១៩៨៣ ។
អ្នកស្រីបានបន្តថា ក្នុងដំណើរឆ្លងដែនពីដែនដីកម្ពុជាក្រោម មកដល់សហរដ្ឋអាមេរិកនេះ អ្នកស្រី និងគ្រួសារត្រូវប្រឈមនឹងឧបស័គ្គជាច្រើនរាប់មិនអស់ ។
ក្រៅពីកំពុងរៀបចំកសាងវត្តអារាមខាងលើ អ្នកស្រី លីណា និងស្វាមីតែងតែចំណាយទ្រព្យ របស់ខ្លួនបរិច្ចាគដល់សង្គមនានាជាច្រើននៅសហរដ្ឋអាមេរិក និងនៅក្រៅប្រទេស ក្នុងនោះ មានបរិច្ចាគទឹកប្រាក់ចំនួន ២៥ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីឧបត្ថម្ភដល់ សាកលវិទ្យាល័យសេដ្ឋកិច្ច San Francisco ក្នុងឆ្នាំ ២០១៩ ផងដែរ ។
នៅថៃ្ងទី ៩ ខែកញ្ញា ឆ្នាំ ២០១៨ នៅពេលដែល សហព័ន្ធខែ្មរកម្ពុជាក្រោម នៅទីក្រុង San Jose រដ្ឋ California បានរៀបចំពិធីអប់អរសាទរ ខួប ១១ ឆ្នាំ ថៃ្ងដែលអង្គការសហប្រជាតិ ប្រកាសទទួលស្គាល់ សេចក្ដីប្រកាសជាសកលស្ដីពីសិទិ្ធជនជាតិដើម ក្រុមគ្រួសារអ្នកស្រី ឡឹម លីណា ដែលមានលោកតា ឡឹម វ៉ាង ជាឪពុក ក៏បានបរិចាគថវិកាចំនួន មួយម៉ឺនដុល្លារ $10,000.00 ដើម្បីជួយឧបត្ថម្ភសកម្មភាពរបស់ សហព័ន្ធខែ្មរកម្ពុជាក្រោម ដែលកំពុងតែ តស៊ូមតិទាមទារ “សិទិ្ធសម្រេចវាសនាខ្លួនដោយខ្លួនឯង” នៅឆាកអន្តរជាតិជូនពលរដ្ឋ ខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ផងដែរ ៕